Saturday, September 17, 2011

My Assignments


សង្គមវិជ្ជានយោបាយ 

មាតិកា
I.សេចក្ដីផ្ដើម...........................................................................................................................
II -ការស្វែងរកសន្ដិភាពនៅកម្ពុជា.........................................................................................
១.សន្ធិសញ្ញាទីក្រុងប៉ារីស.............................................................................
                     ក.ដំណើរឆ្ពោះទៅរកសន្ធិសញ្ញាទីក្រុងប៉ារីស ស្ដីពីកម្ពុជា.................................................
               ក.១.សំណើរនៅលើកដំបូង..................................................................................
               ក.២.ការងាកមករកគ្នារបស់ប្រទេសកុម្មុយនិស្ដ........................................................
               ក.៣. ការផ្លាស់ប្ដូរឈ្មោះ របប និងឈ្មោះបក្ស..........................................................
         ខ.ការចាប់ផ្ដើមដំណោះស្រាយនយោបាយផ្ទៃក្នុង...........................................................
         គ.សន្និសិទអន្តរជាតិ ក្រុងប៉ារីសស្ដីពីកម្ពុជា...................................................................
២. សេចក្ដីព្រៀងដំបូងនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ..........................................
៣.កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩៣ និងការអនុវត្តកិច្ចព្រមព្រៀង
                     ក.ការយល់ព្រមរបស់ អ.ស.ប.....................................................................................
                     ខ.កិច្ចព្រមព្រៀងចុងក្រោយ........................................................................................
៤. សង្ខេបអត្ថន័យ នៃការនាំអោយកើតមានសន្ធិសញ្ញាទីក្រុងប៉ារីស..........................
III.ការនាំអោយមានការបោះឆ្នោតនៅកម្ពុជា.................................................................... ១១
១.ដំណើរការឆ្ពោះទៅរកការបោះឆ្នោតនៅកម្ពុជា.............................................. ១១
                 ក.អាជ្ញាធរបណ្ដោះអាសន្នសហប្រជាជាតិនៅកម្ពុជា..................................................... ១១
                     ខ.ការលើកស្ទួយ និងការកសាងកម្ពុជាឡើងវិញ.......................................................... ១៣
២.ការបោះឆ្នោត ខែឧសភា ឆ្នាំ ១៩៩៣......................................................... ១៤
                     ក.ខ្មែរក្រហម.......................................................................................................... ១៥
                     ខ.បញ្ញតិ្តនៃការបោះឆ្នោត......................................................................................... ១៦
                     គ.ថ្ងៃប្រយុទ្ធ ថ្ងៃទី ២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣ .................................................... ១៧
៣.លទ្ធផលនៃការបោះឆ្នោត....................................................................... ១៨
៤.វិវាទកម្ម............................................................................................ ១៩​
IV.ការវិលត្រឡប់មកវិញរបស់​របបរាជានិយម............................................................. ២០    
V.នយោបាយរបស់ថៃចំពោះកម្ពុជា................................................................................... ២០
១.ការជួយគាំទ្រ ចលនាត្រីភាគី ប្រឆាំងនឹងរដ្ឋាភិបាលសាធារណរដ្ឋកម្ពុជា​និងវៀតណាម ២០
២.ការចូលរួមវិភាគទានរបស់ប្រទេសថៃ ជំរុញអោយមានថ្ងៃទី២៣ តុលា ១៩៩៣...... ២១
ក.ការឈប់គាំទ្រចលនា ត្រីភាគី ពីសំណាក់ប្រទេសថៃ................................................ ២១
ខ.ការសម្របសម្រួលភាគីជម្លោះរបស់កម្ពុជា ពីសំនាក់ ប្រទេសថៃ................................. ២១
គ.ការចូលរួមរបស់ប្រទេសថៃ ក្នុងការអនុវត្តន៍នូវផែនការក្នុងសម័យប្រជុំទីមួយ............... ២២
ឃ.ការចូលរួមរបស់ថៃ ដើម្បីសម្រេចនូវកិច្ចព្រមព្រៀងចុងក្រោយ.................................. ២២
VI.សន្និដ្ឋាន .......................................................................................................................... ២២
































           
I.សេចក្ដីផ្ដើម
          ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមាន ទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ អរិយធម៌ ដ៏រុងរឿង​ត្រចះត្រចង់ លើសពីនេះទៅទៀតប្រទេសកម្ពុជាក៏ជាប្រទេសដែលធ្លាប់មានសេដ្ឋកិច្ចរីកចម្រើនខ្លាំងនៅក្នុង ​តំបន់ផងដែរ។ ដោយកម្ពុជា ជាប្រទេសដែលធ្លាប់មានវិសាលភាពដ៏មហាសាល ទាំង​ទឹកដី និងសេដ្ឋកិច្ចនេះ​ហើយដែលបានជម្រុញអោយកម្ពុជាក្លាយជាចក្រភពមួយដ៏សម្បើម ដែលយើងបានដឹងគ្រប់ៗគ្នា គឺក្នុងសម័យ​អង្គរ។
            តែជាអកុសល ក្រោយពេលដែលក្រុងអង្គរត្រូវបានដួលរលំទៅ គឺកម្ពុជាបានក្លាយជាប្រទេសមួយដែល​មានលក្ខណៈផ្សេងពីសម័យអង្គរ មានលក្ខណៈផ្សេងនោះគឺថា មានការផ្លាស់ប្ដូរពីប្រទេសដែលមានឈ្មោះថាជា​ចក្រភព មកធ្លាក់ជាប្រទេសមួយដែលមានប្រវត្តិជូរចត់ទាក់ទងនឹងជម្លោះផ្ទៃក្នុង ហើយនឹងមានការឈ្លានពានពី​សំនាក់ប្រទេសជិតខាង ក្នុងនោះក៏មានប្រទេសសៀម ដែលជាប្រទេសមួយទើបតែកកើតជារដ្ឋឡើង យ៉ាងថ្មី​បំផុតបើប្រៀបធៀប ទៅនឹងប្រទេសកម្ពុជានាសម័យចក្រភពនោះ។ ទំនាក់ទំនងដ៏សែនជូរចត់រវាងកម្ពុជា-សៀម​ នៅក្នុងសម័យប្រវត្តិសាស្រ្តគឺជារឿងមួយដែលប្រជាពលរដ្ឋកម្ពុជា មានការសោកស្ដាយជាទីបំផុត ពីព្រោះមាន​ពេលខ្លះប្រទេសកម្ពុជាដែលធ្លាប់ជាចក្រភពមួយនោះ ត្រូវស្ថិតនៅក្រោមការគ្រប់គ្រង និងការបង្គាប់បញ្ជារពី​សំនាក់ប្រទេសសៀមក៏មាន។ មិនត្រឹមតែប៉ុណ្ណោះទេ ប្រទេសកម្ពុជា តែងតែជាប្រទេសរងគ្រោះដោយការឈ្លាន​ពាន និងការគំរាមកំហែងពីសំណាក់ប្រទេសសៀមទៀតផង។
            ដោយប្រទេសកម្ពុជា ស្ថិតនៅក្នុងស្ថានភាពមួយដែលមានការឈ្លានពានពីសំណាក់បរទេសដែលជា​ប្រទេសជិតខាង ជាប់ភូមិផងរបងជាមួយគ្នានេះហើយ បានជាព្រះមហាក្សត្រខ្មែរមួយព្រះអង្គគឺព្រះបាទ អង្គឌួង​បានធ្វើការទំនាក់ទំនងជាមួយប្រទេសបារាំង ដើម្បីអោយមកគ្រប់គ្រងកម្ពុជា ដើម្បីជាបង្អែកទប់ទល់ទៅនឹងការ​ឈ្លានពានពីសំនាក់ប្រទេសជិតខាង។ បន្ទាប់ពីបានធើ្វការទំនាក់ទំនងជាមួយប្រទេសបារាំង ហើយបារាំងបាន​មកធ្វើការគ្រប់គ្រងខ្មែររួចមក ក៏ប៉ុន្តែជាប្រទេសដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់បរទេសមិនមែនជារឿងងាយ​ ស្រួលនោះទេ ហេតុដូច្នេះហើយបានជាកម្ពុជាតស៊ូដើម្បីដោះខ្លួនចេញពីការគ្រប់គ្រងរបស់បារាំងរហូតបាន ជោគ​ជ័យ។ ក្រោយពីជនានុផលរបស់កម្ពុជាពីការទទួលឯករាជ្យ ពីបារាំងរួចម​ក ប្រទេស និងប្រជាជនកម្ពុជា​បាន​ទទួលនូវសុខសន្ដិភាពមិនបានយូរប៉ុន្មានផង កម្ពុជាក៏បានឈានចូលដល់រណ្ដៅនៃថ្លុកឈាមមួយយ៉ាង​ឃោរ​ ឃៅហើយបានឆក់យកជីវិតប្រជាជនកម្ពុជា ជាច្រើនលាននាក់ផង ដែលជាការតក់ស្លុតដល់ប្រជាជនខ្មែរ​គ្រប់រូប នោះគឺសម័យខ្មែរក្រហម ដែលស្ថិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ហើយបន្ទាប់ពីរបបកម្ពុជា ប្រជាធិបតេយ្យ (ខ្មែរក្រហម) ត្រូវបានដួលរលំហើយ កម្ពុជាក៏បានបោះ​ ជំហានចូលក្នុងសម័យប្រវត្តិសាស្ត្រថ្មីមួយផ្សេងទៀត។ ទ្វារប្រវត្តិសាស្រ្តដែលបានបន្តពីរបបកម្ពុជាប្រជា       ធិប​តេយ្យនេះ ដែលត្រូវបានគេស្គាល់ថា ជាសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា។ នៅក្នុងសម័យនេះផងដែរ កម្ពុជាបានប្រឈមមុខទៅនឹងបញ្ហាអស្ថេរភាពជាខ្លាំង ពីព្រោះពេលនោះកម្ពុជាមានក្រុមចលនាជាច្រើន ដែល​តែងតែចិញ្ចឹមចិត្ត និងមានមហិចតាក្នុងការដណ្ដើមអំណាចដើម្បីដឹកនាំប្រទេសរៀងៗខ្លួន។
ដូច្នេះដើម្បី ធ្វើការបង្រួបបង្រួមជាតិដើម្បីទទួលបាននូវការឯកភាពជាតិជារួមមួយនោះចាំ​ បាច់ណាស់ ត្រូវ​បើកទ្វារដើម្បីទទួលយកបណ្ដាប្រទេសនៅសកលលោក ក៏ដូចជាប្រទេសដែលជាភូមិផងរបង​ជាប់ជាមួយគ្នា​ផងដែរ ដើម្បជួយអន្តរាគម ក្នុងន័យបញ្ចប់នូវជម្លោះផ្ទៃក្នុង ហើយឆ្ពោះទៅរកការឯកភាពជាតិជា​រួមមួយ។ ហើយពីនេះទៅទៀតប្រទេសជួយអន្តរាគមទាំងនេះក៏មានប្រទេសថៃផងដែរ។ ដូច្នេះហើយក្នុងនាម​ប្រទេសថៃ ដែលតែងតែជាប្រទេសមានប្រវត្តិអាក្រក់នឹងកម្ពុជា បានដើរតួនាទីយ៉ាងដូចម្ដេចខ្លះ ចំពោះ​នយោបាយសន្ដិភាព​នៅកម្ពុជា?
II -ការស្វែងរកសន្ដិភាពនៅកម្ពុជា
១.សន្ធិសញ្ញាទីក្រុងប៉ារីស
            ក.ដំណើរឆ្ពោះទៅរកសន្ធិសញ្ញាទីក្រុងប៉ារីស ស្ដីពីកម្ពុជា
ក.១.សំណើរនៅលើកដំបូង
នៅក្នុងឆ្នាំ១៩៨០ សេចក្ដីសម្រេចលេខ ៣៥/៦ ថ្ងៃទី២២ ខែតុលា បានសម្រេចកោះឲ្យមានសន្និសិទអន្តរជាតិមួយ ស្ដីពីកម្ពុជា។សន្និសិទនេះបានប្រព្រឹត្តទៅនៅទីក្រុង ញូយ៉ក(New York) ក្នុងខែកក្កដា ឆ្នាំ១៩៨១​ដោយមានការចូលរួមពីប្រទេសចំនួន ៧៩ និងអ្នកសង្កេតការណ៍ ១៣នាក់។ សហភាពសូវៀត និង​ វៀតណាមមិនបានចូលរួមសន្និសិទនេះទេដោយមិនអនុញ្ញាតអោយមាននរណាម្នាក់ងាកមករកបញ្ហាកម្ពុជា។
ក.២.ការងាកមករកគ្នារបស់ប្រទេសកុម្មុយនិស្ដ
ដូច្នេះ ត្រូវការរង់ចាំការធ្លាក់ចុះមកនូវប្រទេសកុម្មុយនិស្ដនៅអឺរ៉ុបខាងកើត និងការធ្វើអោយមានភាព​ប្រសើរឡើងវិញ នូវទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងប្រទេសចិន[1] ដើម្បីអោយឃើញស្ថានភាពកាន់តែមានភាព​ច្បាស់លាស់។
ប្រទេសដទៃទៀត បានតាមដានជំនួបរវាងប្រទេសចិន និងប្រទេសឡាវ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ​១៩៨៦។ បន្ទាប់មកទៀត ការជួបគ្នារវាងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសចិន និងវៀតណាមក្នុងឆ្នាំ ១៩៨៩ និងឆ្នាំ ១៩៩០។​ដោយបានស្គាល់ ល្បែងសង្គម និងនយោបាយធំមក វៀតណាមមិនអាចអនុញ្ញាត​អោយក្នុងការ​ ទទួលបាននូវភាពប្រណិតតែម្នាក់ឯងខ្លួនតទៅទៀតទេលើបញ្ហាសង្រ្គាម​ និងការកាន់កាប់ប្រទេស​កម្ពុជា។ ប្រក្រតីភាពជាមួយប្រទេសជិតខាងដ៏ធំ កុម្មុនិស្ដចិនមិនបានធ្វើការដាច់ស្រេច រហូតដល់ខែ វិច្ឆិកា ឆ្នាំ១៩៩១។ រាល់ការជួបម្ដងៗនេះ សំណួរពីប្រទេសកម្ពុជាតែងតែចោទសួរពីមួយថ្ងៃទៅមួយថ្ងៃ។
កិច្ចការទូតតំបន់របស់ប្រទេសប្លុកកុម្មុយនិស្ដនេះ ព្រមជាមួយឥទ្ធិពលដ៏អស្ចារ្យកំពុងមានសកម្មភាពដ៏​ខ្លាំងក្លា។ អ្នកដែលគិតពីរឿងនេះ មានអ្នកអង្កេតការណ៍បស្ចឹមប្រទេស មួយចំនួនធំ បានធ្វើសេចក្ដីព្រាង​នូវដំណោះ​ស្រាយក្រហមមួយ សម្រាប់កម្ពុជាដែលមានន័យថា​ ជាការចរចារ និងការព្រមព្រៀងគ្នាមួយរវាង​ប្រទេសកុម្មុយ​និស្ដបី គឺប្រទេសចិន ប្រទេសរុស្ស៊ី និងប្រទេសវៀតណាម។
ក្នុងទស្សនវិស័យចរចារនេះ និងក្នុងក្របខ័ណ្ឌតំបន់ ប្រទេសជាសមាជិកអាស៊ានមិនបានដកខ្លួន ទៀត​ទេ។ ប្រទេសទាំងនេះ បានធ្វើទំនាក់ទំនងជាមួយប្រទេសមួយចំនួននៅបស្ចឹមប្រទេស​ដូចជា​ប្រទេសជប៉ុន អូស្ត្រាលី និងអង្គការសហប្រជាជាតិ។ គោលវិធីនយោបាយធ្វើឡើង ដូចដែលបានធ្វើក្នុងការតម្រែ​តម្រង់ទិស​របស់វៀតណាម នៅពេលដែលលោក នាយករដ្ឋមន្ត្រីថៃ ឆាតធីឆៃ ឈុនហាវ៉ាន់ (Chatichai Choonhavan) ក្នុងឆ្នាំ១៩៨៩។ នៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩៨៩ លោករដ្ឋមន្ត្រីការបរទេសថៃ សិទ្ធី សាវិតស៊ីឡា (Siddhi Savetsila) បានជួបប្រជុំនៅទីក្រុង ហាណូយ ដែលជាទស្សនកិច្ចផ្លូវការ បន្ទាប់មកទៀត ដោយមាន​ទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតី ឥណ្ឌូនេស៊ី ស៊ូហារតូ (Suharto) នៅថ្ងៃទី ១៩ ខែវិច្ឆិកា​ ឆ្នាំ​១៩៩០។
           

ក.៣. ការផ្លាស់ប្ដូរឈ្មោះ របប និងឈ្មោះបក្ស
-ការប្តូរឈ្មោះរបប
នៅចន្លោះពេល ដែលសាធារណរដ្ឋប្រជាមានិតកម្ពុជាកែរតម្រូវនយោបាយថ្មី និងការតម្រង់ទិសទៅរក​​កំណែរទម្រង់ផ្សេងៗ ដើម្បីឆ្លើយតបអោយមានប្រសិទ្ធភាពទៅនឹងជំនួយថ្មីៗ។
នៅថ្ងៃទី២៩-៣០ ខែមេសា ១៩៨៩ សភាជាតិបានធ្វើវិសោធនកម្មធម្មនុញ្ញហើយបានធ្វើការផ្លាស់ប្ដូរ​ ឈ្មោះពីសាធារណរដ្ឋប្រជាមានិតកម្ពុជា មកជារដ្ឋកម្ពុជា។ រដ្ឋថ្មីនេះ បានប្រកាសថា ខ្លួនជារដ្ឋអព្យាក្រឹត និង​មិនចូលបក្សសម្ព័ន្ធ។ព្រះពុទ្ធសាសនាក៏បានត្រូវគេប្រកាសថា ជាសាសនារបស់រដ្ឋផងដែរ។ នេះជាសញ្ញានៃភាព​ក្លាហានមួយ។ ការផ្លាស់ប្ដូរនេះ វាត្រូវបានគេមើលឃើញថា វាជាការបង្ហាញនូវឯករាជ្យភាពរប​ស់របបនេះ និង​ការប្រដេញជើងនូវការតស៊ូ។
ទង់ជាតិ និងភ្លេងជាតិថ្មីបានលេចឡើងសារជាថ្មីវិញ ដូចគ្នានេះដែរ ព្រះពុទ្ធសាសនាបានក្លាយជា​សាសនារបស់រដ្ឋ។ សេចក្ដីវេទនាស្ទើរស្លាប់រស់ត្រូវបានរលាយ សាបសូន្យអស់។ ចំណែកខាងសេដ្ឋកិច្ចជាតិវិញ បានប្រែក្លាយទៅជាសេដ្ឋកិច្ចទីផ្សារសេរី លែងមានការពឹងផ្អែកទៅលើគ្រប់រូបភាពសង្គមនិយម និងម៉ាក្សលេនីន​និយម។ កម្មសិទ្ធឯកជនបានទទួលស្គាល់ ដោយការពេញចិត្តរបស់ខ្លួន។​ រដ្ឋកម្ពុជា ក៏បានស្នើរផងដែរ នូវការសុំ​អោយមានការកែសម្រួលនយោបាយអព្យាក្រឹត និងមិនចូលបក្សសម្ព័ន្ធ។ នេះហើយជាដំណាក់កាលដំបូងនៃការ​​ផ្លាស់ប្ដូរ។
កាយវិការលើកដំបូងនេះ ដោយមានជាដំបូងគឺការបង្កើតអោយមានច្បាប់វិនិយោគទុន និងការទាក់​ទាញការងារអោយមនុស្ស។ មានគម្រោងជាច្រើន បានទទួលយល់ព្រម នៅក្នុងពេលដំបូងភ្លាមនោះ។
-ការប្តូរឈ្មោះបក្ស
            ដំណាក់កាលទី២ គឺប្ដូរឈ្មោះសាធារណរដ្ឋប្រជាមានិតកម្ពុជា ទៅជារដ្ឋកម្ពុជានៅក្នុងពេលមានមហា​សន្និបាតវិសាមញ្ញ​ពីថ្ងៃទី១៧ ដល់១៨​ ខែតុលា ឆ្នាំ១៩៩១ ដែលគណបក្សប្រជាជនបដិវត្តន៍កម្ពុជាបានសម្រេច​ប្ដូរឈ្មោះ និងគោលនយោបាយ គឺបាន​ប្ដូរឈ្មោះមកជាគណបក្សប្រជាជនកម្ពុជា។ គណបក្សនេះបាន ប្រកាស​អនុវត្តតាមរបបប្រជាធិបតេយ្យពហុបក្ស មានសេដ្ឋកិច្ចទីផ្សារ​ និងគោរពសិទ្ធិមនុស្ស។

ខ.ការចាប់ផ្ដើមដំណោះស្រាយនយោបាយផ្ទៃក្នុង
ដូច្នេះបញ្ហាបែបបទនយោបាយកម្ពុជាបានវិលមកវិញនៅថ្ងៃជាបន្តបន្ទាប់។ វាហាក់បីដូចជាការបន្ទាន់​មួយ ហើយពិភពលោកទាំងមូលចង់បញ្ជាក់យ៉ាងរហ័សនូវជម្លោះយ៉ាងទទើសទទែងនេះ។
ការផ្លាស់ប្ដូរយ៉ាងនេះ នៅក្នុងទិដ្ឋភាពការទូតតំបន់ បានអនុញ្ញាតអោយភាគីកម្ពុជាទាំងអស់ឈានទៅ​រកភាពជិតគ្នា និងបង្កើនការជួបគ្នា។ ដូច្នេះ សេណារីយោនេះ បានបើកអោយមានការជួបគ្នារវាង​ជនកម្ពុជាគ្នាឯង ដើម្បីអោយមានការតាមដាន និងទទួលស្គាល់បន្តមកទៀតពីសហគមន៍អន្តរជាតិ។
គេអាចសម្គាល់ការជួបគ្នារវាង ​ សីហនុ-ហ៊ុនសែន នៅហ្វែអង់តាដឺន័រ ក្នុងប្រទេសបារាំង នៅថ្ងៃទី២ ដល់​ថ្ងៃទី ៤ ខែឆ្នូ ឆ្នាំ១៩៨៧ លើកទី២ នៅសាំងស៊ែកម៉ាំង អង់ ឡេយ (Saint Germain en Laye) ក្នុងប្រទេស​បារាំងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ លើកទី៣​ នៅហ្វែរអង់តាដឺន័រ ក្នុងប្រទេសបារាំងដដែលនៅថ្ងៃទី ៧-៨​ ខែវិច្ឆិកា ឆ្នាំ១៩៨៨ ដោយមានការចូលរួមពីលោក សឺន សាន លើកទី៤ នៅ សែលសាំង ខ្លូដ (Celles-Saint Cloud) ក្នុងប្រទេសបារាំង​នៅថ្ងៃទី ២៤-៣០ ខែកក្កដា ឆ្នាំ១៩៨៩ ដោយមានការចូលរួមពីភាគីទាំង៤  ចាប់ពីថ្ងៃទី២៤ ខែកក្កដា ពេលដដែលនោះ ហើយនៅលើកទី៥ គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៩០ នៅទីក្រុង​បាងកកប្រទេសថៃ គឺនៅគេហដ្ឋានដដែលរបស់លោកនាយករដ្ឋមន្រ្តីថៃ ឆាធីឆៃ ឈុនហាវ៉ាន់។[2]
ស្របពេលជាមួយគ្នានេះដែរ រាល់ការជួបគ្នារវាងខ្មែរ និងខ្មែរទាំងនេះ ដោយមានការជប់លៀងបន្តិច​បន្តួច ដែលត្រូវបានគេកំណត់ឈ្មោះថា ការប្រជុំក្រៅផ្លូវការ ហ្សាការតា (JIM) ដែលបានរៀបចំឡើងនៅថ្ងៃទី ២៥-២៧ កក្កដា ១៩៨៨ គឺជាការប្រជុំលើកទី១ របស់ភាគីទាំងបួនរបស់កម្ពុជា ដើម្បីស្វែងរកដំណោះស្រាយ​រួមគ្នា ហើយបន្ទាប់មកប្រជុំលើកទី២ដោយមានគណៈប្រតិភូវៀតណាម ឡាវ និងប្រទេសជាសមាជិក អាស៊ាន។​ការប្រជុំហ្ស៊ីមនេះបានរៀបចំឡើងចំនួន៤ លើក។[3] ទោះបីជាការប្រជុំលើកដំបូង មិនបាននាំមកនូវលទ្ធផល​ផ្លែ​ផ្កាក៏ដោយ ក៏វាបានធ្វើអោយភាគីទាំងអស់ បានជួបគ្នាដោយផ្ទាល់ដែលជាសត្រូវប​ងប្អូនគ្នាឯង។ តាមរយះនេះ​វាក៏បានធ្វើអោយមានការយល់គ្នា ស្គាល់គ្នា និយាយជាមួយគ្នា ផ្លាស់ប្ដូរទស្សនៈ និងពិភាក្សាពីអនាគត របស់​ប្រទេសជាតិផងដែរ។ នេះក៏ជាការបង្ហាញអោយឃើញផងដែរ ពីការយកចិត្តទុកដាក់របស់ប្រទេសសមាជិក​អាស៊ាន។​ បន្ទាប់មក គេសម្គាល់ឃើញថា ប្រទេសជាសមាជិកទាំងនេះ បានចូលរួមជាវិភាគទានយ៉ាងច្រើន ដើម្បីលេចចេញការចរចារពីភាពទ័លច្រកនេះ។
គេអាចនិយាយថា នេះជារឿងរ៉ាវដ៏ធំ ដែលមិនធ្លាប់មានពីមុនមក ក្នុងការស្វែងរកសន្ដិភាពក្នុងប្រទេស​កម្ពុជា។ ហើយនេះជាមាគ៌ាទៅរកសន្តិភាពមានរយះពេលយ៉ាងយូរ ហើយវាក៏យូរហួសនិស្ស័យដែរ ចំពោះការ​ឈឺចាប់របស់​ប្រជាពលរដ្ឋខ្មែរ។ ដោយសារុស្ស៊ី កំពុងមានបញ្ហាស្ទើរដាច់ខ្យល់រួមជាមួយភាពដុនដាបរបស់​កុម្មុយនិស្ដ ដើម្បី​ នាំវៀតណាមទៅរកការបន្ទន់ឥរិយាបថលើគំនិតបទបញ្ញត្តិសន្តិវិធីរបស់កម្ពុជា ដោយមានការ​បញ្ឈប់ស្មើរគ្នានូវ​ សំណើររបស់សហគមន៍ប្រទេសកុម្មុយនិស្ដតែប៉ុណ្ណោះ។
ក្នុងរំពេចនោះគ្មានអ្វីអាចធ្វើការអះអាងថា វៀតណាមស្ថិតនៅក្នុងដង្ហើមចុងក្រោយ និងជាគំនិតចុង​ក្រោយ។នេះប្រហែលជាគ្រាន់តែពង្រាងនយោបាយរបស់ខ្លួន ក្នុងការផ្លាស់ប្តូរអាកប្បកិរិយារបស់ភាគីវៀតណាម​ គឺវាបានបើកទ្វារពាក់កណ្ដាលរួចទៅហើយ ដែល អនុញ្ញាតអោយមានការចរចាជាហេតុស្ដីពីបញ្ហារបស់កម្ពុជា។ ក្ដីសង្ឃឹមសន្តិភាពនៅពេលក្រោយ បានលេចឡើងក្នុងគំនិតរបស់មនុស្សមួយចំនួន។
នៅក្នុងន័យនេះ វាគឺជាឪកាសឈានទៅរកសន្តិភាព ដែលមានការអន្តរាគមថ្មីរបស់សហគមន៍ អន្តរ​ ជាតិ ក្នុងការផ្ដល់យ៉ាងឱឡារិក។ ការជួបប្រាស្រ័យទាក់ទងគ្នា និងគោលវិធីដែលបានរៀបចំឡើង គឺដើម្បីអោយ​មានការជួបជុំគ្នាជាលក្ខណៈអន្តរជាតិ ដែលក្លាយទៅជានិមិត្តរូបមួយដ៏សំខាន់ មានការយកចិត្តទុកដាក់ និង​ភាពអង់អាចក្លាហាន។
គ.សន្និសិទអន្តរជាតិ ក្រុងប៉ារីសស្ដីពីកម្ពុជា
នៅពេលនេះ ក្រោមការខិតខំប្រឹងប្រែងពីប្រទេសបារាំង និងប្រទេសឥណ្ឌូនេស៊ី សន្និសិទអន្តរជាតិ ស្ដី​ពីកម្ពុជាបានកើតឡើង ដែលក្រោយមកត្រូវបានគេហៅថា សន្និសិទអន្តរជាតិទីក្រុងប៉ារីស ស្ដីពីកម្ពុជា  (CIPC) ហើយបានជួបប្រជុំគ្នានៅទីក្រុងប៉ារីស។
សន្និសិទនេះបានចាប់ផ្ដើម ជាដំបូងដោយមានការជួបប្រជុំគ្នារវាងភាគីខ្មែរទាំងបួន នៅថ្ងៃទី ២៥ ខែ​កក្កដា ឆ្នាំ១៩៨៩។​ ផ្ដើមចេញពីការប្រជុំជាលើកដំបូងនេះ គេមិនបានដឹងបញ្ហាសំខាន់ៗ អោយបានច្បាស់​លាស់ ក្រៅពីការកំណត់ពីតំណាងគណៈប្រតិភូនីមួយៗ ចូលរួមក្នុងសន្និសិទនេះទេ។ ចំណែកឯសន្និសិទពេញ​អង្គវិញ បានវៀបចំឡើងពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៨៩ [4] ដោយមានការចូលរួមពី​ប្រទេសចំនួន១៩[5]
សន្និសិទត្រូវបានរៀបចំឡើងទាំងសោះអង្គើយ ដោយគ្មានបានទទួលជោយជ័យជាដុំកំភួនអ្វីឡើយ។​ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយក៏សន្និសិទនេះ អនុញ្ញាតអោយមានដំណោះស្រាយរួមរបស់កម្ពុជា ជាលក្ខណៈ​សម្របសម្រួលគ្នា មានភាពស្មើរគ្នា និងមានការទាក់ទងគ្នាកាន់តែប្រសើរថែមទៀត។ ជាពិសេស ការបង្កើត​ឲ្យ​មានគណៈកម្មាធិការការងារចំនួន៥​ទទួលបន្ទុករៀងៗខ្លួន៖ យន្តការអន្តរជាតិក្នុងការត្រួតពិនិត្យ និងបទឈប់​បាញ់គ្នា[6] ការធានាដោយអន្តរជាតិ ដើម្បីការពារអព្យាក្រឹតភាព និងសន្តិភាពនៅកម្ពុជា[7] បញ្ហាជនភៀសខ្លួន និងការស្ដារឡើងវិញ[8] ការបង្រួបបង្រួមជាតិ និងលើសពីនេះទៅទៀត គឺការបង្កើតអោយមានគណៈកម្មាធិការ​បណ្ដោះអាសន្ន ឬគណៈកម្មាធិការចំពោះកិច្ច។[9]
ប៉ុន្តែ សន្និសិទនេះមិនបាននាំមកនូវដំណោះស្រាយជាក់លាក់ទេ គឺគ្រាន់តែជាការឈានទៅរកកិច្ចប្រជុំ​ប៉ុណ្ណោះ។

២. សេចក្ដីព្រៀងដំបូងនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស
រដ្ឋមន្ត្រីក្រសួងការបរទេស អូស្រ្ដាលី ហ្គារ៉េត អេវ៉ាន (Gareth Evans) បានលើកឡើងជាគម្រោងផែន ​ការសន្តិភាពថ្មីមួយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៨៩។ ផែនការនេះបានកើតឡើងនូវតួនាទី ពេញច្បាប់របស់អង្គ​ការសហប្រជាជាតិ ហើយដាក់អោយកម្ពុជាស្ថិតនៅក្រោមអភិបាលកិច្ចនៃអង្គការសហប្រជាជាតិ។
ដោយដឹងថា ផែនការនេះស្របទៅនឹងសភាពការណ៍ ហើយអាចមានប្រយោជន៍ជាមូលដ្ឋាន ក្នុងការ​ពិភាក្សាលើកក្រោយទៀត។ សមាជិកអចិន្ត្រៃយ៍ទាំងប្រាំនៃក្រុមប្រឹក្សាសន្តិសុខ បានយល់ព្រមអោយអង្គការ​សហប្រជាជាតិទទួលបន្ទុកដោះស្រាយបញ្ហាកម្ពុជា។ កិច្ចប្រជុំបានធ្វើឡើងនៅទីក្រុងប៉ារីស ថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ១៩៩០។ ផែនការមួយដែលមាន១៦ចំនុច បានចេញផ្សាយជាសាធារណៈ ក្រោយកិច្ចប្រជុំនេះ។ ផែនការស្ដីពី សន្តិភាពរបស់អង្គការសហប្រជាជាតិនេះ គឺជាឯកសារក្របខ័ណ្ឌ ស្ដីពីបទបញ្ជានយោបាយនៅ​កម្ពុជាដោយផ្អែកលើចំនុច៥ សំខាន់ៗដូចខាងក្រោមៈ
១- ការត្រួតពិនិត្យនូវការដកកម្លាំងបរទេសចេញទាំងអស់
២- វត្តមានដ៏មានប្រសិទ្ធិភាពរបស់អ..ប អន្តរកាលដើម្បីធានាសន្តិសុខផ្ទៃក្នុង
៣- ការរៀបចំការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ ស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់របស់អ..
៤-​រាល់ដំណើរ​ការទាំងអស់ ត្រូវស្ថិតក្រោមការត្រួតពិនត្យរបស់តំណាងពិសេស នៃអគ្គលេខាធិការ អ..ប។
៥- ការបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ អាចធានាបាននូវបូរណភាពរបស់កម្ពុជាក្នុងសម័យអន្តរកាល។
ការប្រជុំចុងក្រោយលើកទី៦ នៅទីក្រុងញូវយ៉ក ថ្ងៃទី ២៧-២៨ ខែ សីហា ឆ្នាំ ១៩៩០ បានឈានទៅ​ដល់ការបង្កើតផែនការក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនយោបាយជាសកល ស្តីពីជម្លោះនៅកម្ពុជា ដែលរួមមាន​៣៦ មាត្រា ហើយចែកចេញជា ៥ជំពូក។
ជំពូកទី១គឺអត្តន័យសំខាន់និយាយអំពីអំណាច ដែលក្រុមប្រឹក្សាជាតិជាន់ខ្ពស់ត្រូវប្រគល់ទៅឲ្យអាជ្ញាធរ​ បណ្តោះអាសន្នរបស់សហប្រជាជាតិនៅកម្ពុជា​ ក្នុងសម័យអន្តរកាល។ រំពេចនោះ អាជ្ញាធរត្រូវផ្តល់នូវមតិយបល់ ប៉ុន្តែមានតែតំណាងពិសេសរបស់អគ្គលេខាធិកាសហប្រជាជាតិទេ ដែលជាអ្នកសំរេច។ ក្រសួងសំខាន់ទាំង៥ រួមមានក្រសួងការបរទេស ការពារជាតិ ហិរញ្ញវត្ថុ មហាផ្ទៃ និងក្រសួងព័ត៌មាន ត្រូវស្ថិតនៅក្រោមអភិបាលកិច្ច នៃសហប្រជាជាតិ។
ជំពូកទី២ ​ និយាយអំពីការរៀបចំផ្នែកយោធា។ អាជ្ញាធរបណ្តោះអាសន្នរបស់សហប្រជាជាតិនៅកម្ពុជា ត្រូវទទួលបន្ទុកចំពោះបេសកកម្មជាច្រើន ដូចជា ការត្រួតពិនិត្យបទឈប់បាញ់គ្នា ការត្រួតពិនិត្យការដកកងទ័ព​វៀតណាម និងការបញ្ឈប់ទទួលជំនួយយោធាពីខាងក្រៅ ការបោសសម្អាតមីន ការដកអាវុធពីគ្រប់ភាគីជម្លោះ​កម្ពុជា។
ជំពូកទី៣ គឺកំណត់នូវបែបបទទូទៅដើម្បីរៀបចំការបោះឆ្នោត ប្រកបដោយលទ្ធិប្រជាធិបតេយ្យ ដែល​ស្ថិតក្រោមការជួយឧបត្ថម្ភរបស់អ..ប។ ផ្តើមចេញពីការបោះឆ្នោតជាសកលនេះ «សភាធម្មនុញ្ញមួយ ដែល​តាក់តែង និងអនុម័តច្បាប់រដ្ធធម្មនុញត្រូវបានបង្កើតឡើង និងប្រែក្លាយឲ្យទៅជាសភាពេញច្បាប់មួយ មានភារ-កិច្ចបង្កើតរដ្ឋាភិបាលថ្មី»។
ជំពូកទី៤ គឺនិយាយអំពីសិទ្ធិមនុស្ស ដើម្បីកំណត់វិធានការចាំបាច់ទាំងឡាយ ដើម្បីធានាបាននូវការ​គោរពសិទ្ធិមនុស្ស ហើយនិងការមកនិយាយនូវពាក្យ «ប្រល័យពូជសាសន៍» ជាអំពើមួយយ៉ាងច្បាស់ក្រឡែត ដែលគេចង់បំភ្លេចរឿងអតីតកាលប្រឡាក់ដោយឈាម និងការឈឺចាប់ខ្លាំងក្រោមរបបខ្មែរក្រហម។
ជំពូកទី៥ លើកឡើងនូវអនុសាសន៍សម្រាប់អនាគតប្រទេសកម្ពុជា គឺត្រូវ «ធានា និងការពារឯករាជ្យ-ភាព អធិបតេយ្យភាព បូរណភាព និងភាពមិនអាចរំលោភបំពានទឹកដី ឯកភាព និងអព្យាក្រឹតភាពជាតិ ជារៀង​រហូត»។
តាមការពិត តាមរយៈផែនការនេះ ខ្មែរក្រហមត្រូវបានទទួលយល់ព្រមដោយដៃគូទាំងស្រុងក្នុងការចរ-ចារ ដោយមិនគិតពីឧក្រិដ្ឋកម្មគួរឲ្យស្អប់ខ្ពើមរបស់គេឡើយ។ ហើយស្ថិតក្នុងភាពស្រពិចស្រពិល​នេះដែរ ដែល​សហគមន៍អន្តរជាតិទទួលស្គាល់ផែនការនេះជាផ្លូវការ។ នេះហើយដែលមតិសាធារណៈមិនពេញចិត្តទាំងស្រុង​នោះ។
            ៣.កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩៣ និងការអនុវត្តកិច្ចព្រមព្រៀង
            ក.ការយល់ព្រមរបស់ អ.ស.ប
            នៅទីបញ្ចប់ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩០ មហាសន្និបាតរបស់ អ.ស.ប​ បានយល់ព្រមផែនការសន្តិ​ភាពនៅកម្ពុជា ដោយមានការអបអរសាទរពីប្រទេសមហាអំណាចទាំងប្រាំ។
            បន្ទាប់មក ភាគីជម្លោះកម្ពុជាទាំងបួន បានជួបប្រជុំគ្នានៅទីកុ្រងប៉ារីស ពីថ្ងៃទី២១ ដល់២៣ ខែធ្នូ ឆ្នាំដដែល ក្រោមសហអធិបតេយ្យភាពប្រទេសបារាំង និងប្រទេសឥណ្ឌូនេស៊ី ដើម្បីកំណត់នូវគន្លឹះចុងក្រោយនៃ​កិច្ចព្រមព្រៀងនេះ។ នៅសម័យនោះគេនៅចាំបាននៅឡើយ នូវសម្ដីរបស់លោក រ៉ូឡង់ ឌុយម៉ាស រដ្ឋមន្ត្រីការបរ​ទេសបារាំង ក្នុងឋានៈជាតំណាងប្រទេសមហាអំណាចពិភពលោក បានធ្វើសច្ចាប្រណិធាន និងក្រើនរំលឹកដល់​កម្ពុជាថា ពិភពលោកបានផ្លាស់ប្ដូរហើយ។ អាទិភាពដទៃទៀតតម្រូវអោយមានការយកចិត្តទុកដាក់​ហើយដែរ​ សហគមន៍អន្តរជាតិមិនអាចនឹងគិតគូរ ជារៀងរហូតទៅលើវាសនាកម្ពុជាបានឡើយ ប្រសិនបើប្រជាជនកម្ពុជា​ខ្លួនឯងពុំមានឆន្ទៈន​យោបាយនឹងចូលរួមនោះ។ ពេលនោះចំនុចសំខាន់ៗរបស់គោលការណ៍មួយចំនួននៃកិច្ច​ ព្រមព្រៀងក៏ត្រូវបានចុះកិច្ចព្រមព្រៀងដែរ។ សាធារណរដ្ឋកម្ពុជា បានកំណត់លក្ខណ្ឌខ្លះដោយពុំព្រមដក​អាវុធ​ពីកងកម្លាំងរបស់ខ្លួនមុនការបោះឆ្នោត ហើយដោយរក្សាទុកក្រសួងទាំងអស់អោយនៅដដែល។
            ចំនុចព្រមព្រៀងចុងក្រោយក៏បានបញ្ចប់ នៅក្នុងសម័យប្រជុំសមាជិកក្រុម​ប្រឹក្សាសន្តិសុខ នៅក្រុង​ប៉ារីស ពីថ្ងៃទី២៥ ដល់២៧​ ខែវិច្ឆិកា ឆ្នាំ១៩៩០។
            ខ.កិច្ចព្រមព្រៀងចុងក្រោយ
            នៅចន្លោះពេលនេះ ទោះបីជាមានការរាំងស្ទះក៏ដោយ ក៏ការងារការទូតរវាងគូវិវាទទាំងអស់ នៅតែមាន​សកម្មភាពដដែល។ បញ្ហាដែលនៅសេសសល់ ទាំងប៉ុន្មាន ត្រូវបានយកមកចរចារ មួយចំនុចម្ដងៗ នៅ​ហ្សាការតាប្រទេសឥណ្ឌូនេស៊ី នៅប៉ាតាយ៉ាប្រទេសថៃ នៅប៉េកាំងប្រទេសចិន និងនៅញ៉ូយ៉ក សហរដ្ឋអាមេរិច រហូតដល់ខែកញ្ញា ឆ្នាំ១៩៩១ ដើម្បីឈានទៅសម្រេចជាចុងក្រោយការកោះប្រជុំសន្និសិទថ្មីទៀត ស្ដីពីកម្ពុជា​ដែលត្រូវអនុម័តយល់ព្រមផ្ដល់សច្ចាប័ន និងធ្វើអោយកម្រងកិច្ចព្រមព្រៀងមានតម្លៃជាផ្លូវការរវាងភាគីជម្លោះ​ទាំងអស់។
            នៅថ្ងៃទី ២៣ ខែតុលាឆ្នាំ ១៩៩១ សន្និសិទអន្តរជាតិនៅទីក្រុងប៉ារីស ស្ដីពីកម្ពុជាក៏បានប្រព្រឹត្តឡើង ក្រោមសហអធិបតេយ្យភាពនៃប្រទេសបារាំង និងប្រទេសឥណ្ឌូនេស៊ីដែលមានតំណាងរៀងៗខ្លួន ដោយរដ្ឋមន្រ្តី​ការបរទេស រ៉ូឡង់ ឌុយម៉ាស និងអាលី​ អាឡាតាស់។ ភាគីជម្លោះកម្ពុជាទាំងបួន និងប្រទេស១៨[10] ក៏បាន​ចូលរួម​ក្នុងសន្និសិទនេះដែរ។ កិច្ចព្រមព្រៀងដើម្បីដំណោះស្រាយនយោបាយរួមនៃជម្លោះនៅកម្ពុជា ក៏ត្រូវបាន​ធ្វើជា​សច្ចាប័នជាមហោឡារិកដោយគ្រប់ភាគីវត្តមានទាំងអស់ ដែលជាសុភមង្គល និងសេចក្ដីសង្ឃឹម​នៃពិភព​លោក។
            ក្រោយសង្គ្រាម ២១ឆ្នាំមក តាំងពីឆ្នាំ១៩៧០ ប្រទេសកម្ពុជា សង្ឃឹមជាចុងក្រោយថា អាចនឹងធ្វើអោយ​ខ្លួនឯង នឹងស្គាល់វិបុលភាព ក្នុងការគោរពសិទ្ធិមនុស្ស​សេរីភាព ប្រជាធិបតេយ្យ និងបូរណភាពជាតិ។
            ចំពោះសេចក្ដីសម្រេចនៃកិច្ចព្រមព្រៀងសន្ដិភាពនេះ គេអាចកត់សម្គាល់បានថា អត្ថបទដើមតាក់តែង​ឡើងដោយប្រទេសមហាអំណាចប្រាំ គឺផែនការសន្តិសុខរបស់ អ.ស.ប ដែលត្រូវបានកែរសម្រួលទៅលើចំណុច​យ៉ាងច្រើន។ តាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសកម្ពុជា ត្រូវស្ថិតនៅក្រោមអភិបាលកិច្ចរបស់សហប្រជាជាតិ។
            កិច្ចព្រមព្រៀងមាន៩ ផ្នែកចែកជា៣២ មាត្រា និងឧបសម្ព័ន្ធ៥។ ឧបសម្ព័ន្ធ ទី១ និយាយអំពីអាណត្តិ​របស់អាជ្ញាធរបណ្ដោះអាសន្ន​អង្គការសហប្រជាជាតិនៅកម្ពុជា​ ដែលចែកចេញជាបួនផ្នែក។ ឧបសម្ព័ន្ធទី២ និយាយ​ពីការដកកងទ័ព ការឈប់បាញ់គ្នា និងវិធានការពាក់ព័ន្ធនឹង១២ មាត្រាខាងលើ។ ឧបសម្ព័ន្ធទី៣ និយាយពី​ការបោះឆ្នោត។ ឧបសម្ព័ន្ធទី៤​និយាយពីការធ្វើមាតុភូមិនិវត្តន៍នៃជនភៀសខ្លួន និងប្រជាជន ដែលផ្លាស់ទីលំនៅ ដែលមាន៣ផ្នែក។​ឧបសម្ព័ន្ធទី៥ ស្ដីពីគោលការណ៍បង្កើតរដ្ឋធម្មនុញ្ញថ្មីមួយ។
            ៤. សង្ខេបអត្ថន័យ នៃការនាំអោយកើតមានសន្ធិសញ្ញាទីក្រុងប៉ារីស
សន្និសិទទីក្រុងប៉ារីសស្ដីពីកម្ពុជា ត្រូវបានធ្វើឡើងជាពីរសម័យប្រជុំ។ សម័យប្រជុំទីមួយធ្វើឡើងចាប់​ពីថ្ងៃទី៣០  ខែកក្កដា ដល់ថ្ងៃទី៣០ខែសីហា ឆ្នាំ១៩៨៩ និងសម័យប្រជុំទី២ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ សម័យប្រជុំទាំងអស់នៃសន្និសិទនេះ ដឹកនាំដោយសហប្រធានគឺឯកឧត្ដម រ៉ូឡង់ ឌុយ​ម៉ាសរដ្ឋមន្ត្រីក្រសួងកាបរទេសនៃប្រទេសបារាំង និងឯកឧត្ដម អាលី អាឡាតាស រដ្ឋមន្ត្រីក្រសួងការបរទេសនៃ​ប្រទេសឥណ្ឌូនេស៊ី។ តំណាងចលនាមិនចូលបក្សសម្ព័ន្ធនានា(តំណាងអោយប្រទេសហ្ស៊ីមបាវេ (Zimbabwe) នៅសម័យប្រជុំទីមួយ និងដោយអតីតប្រទេស យូហ្គោស្លាវី (Yugoslavia) នៅសម័យប្រជុំទីពីរ) ក៏ដូចជា​អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្ដម ហ្សាវីយេ ប៉េរេដឺកូរអេឡា (Javier Perez de Cuellar)  និង​តំណាងពិសេសរបស់គាត់ ឯកឧត្ដម រាហ្វឺឌីន អាហ្វមេដ្វ (Rafeuddin Admed) ក៏បានចូលរួមនៅក្នុងសន្និសិទ​នេះដែរ។ នៅសម័យប្រជុំទី១​ភាគីកម្ពុជាទាំង៤ ជាអ្នកតំណាងដោយក្រុមប្រឹក្សាជាតិជាន់ខ្ពស់ក្រោមការដឹកនាំ​របស់ប្រធានគឺ ព្រះករុណាព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ។
            នៅសម័យប្រជុំទីមួយ សន្និសិទបានបង្កើតឡើងនូវគណៈកម្មាធិការការងារដូចខាងក្រោមៈ
            គណកម្មាធិការទី១                                  ទទួលបន្ទុកកិច្ចការយោធា
            គណកម្មាធិការទី២                                 ទទួលបន្ទុកកិច្ចការធានាជាអន្តរជាតិ
            គណកម្មាធិការទី៣                                 ទទួលបន្ទុកការធ្វើមាតុភូមិនិវត្តន៍នៃជនភៀសខ្លួន និងជនផ្លាស់ប្ដូរ​ទីកន្លែង និងការស្ថាបនាប្រទេសកម្ពុជាឡើងវិញ
គណកម្មាធិការចំពោះ                              កិច្ចការទទួលបន្ទុក ការផ្សះផ្សារជាតិ
គណកម្មាធិការសម្របសម្រួល                  ទទួលបន្ទុកសម្របសម្រួលនូវគណកម្មាធិការទាំងបួននេះ
គណកម្មាធិការទីមួយ ដឹកនាំដោយសហប្រធានគឺ ឯកឧត្ដម ហ្ការេខាន់ (C R Gharekhan) –India និងឯកឧត្ដម អាឡង់ ស៊ីលីវ៉ាន(Allan Sullivan) –Canada ដោយមានឯកឧត្ដម វិចតូរីយ៉ា ស៊ីសាន់ បាតា​ក្លាន (Victoria Sisante-Bataclan) –Philippines ជាអ្នករាយការណ៍។ គណកម្មាធិការទី២ ដឹកនាំដោយ​សហ​-ប្រធានគឺ ឯកឧត្ដម ស៊ូលីវង់ អ៊ីប្រាហ៊ីម (Dato’Zainal Abidin Ibrahim) –Malaysia ដោយមានឯក​ឧត្ដមអ៊ែរ ដឺហ្សង់ ដឺឡា បាទី (Herve Dejean de la Batie) –France ជាអ្នករាយការណ៍ និងគណកម្មាធិការ​ទី៣​ដឹកនាំដោយសហប្រធានគឺឯកឧត្ដមយោគីអូ អ៊ីម៉ាហ្កាវ៉ា(Yokio Imagawa)–Japan និងឯកឧត្ដម រ៉ូបឺត មែរីលី (Robert Merrillees) –Austrulia ដោយមានលោកវរសេនីយ៍ឯក រ៉ូណាក់ឆុក ស្វាស្ឌីគាត (Ronackuck Swasdikiat) –Thailand ជាអ្នករាយការណ៍។
សមាជិកគណកម្មាធិការចំពោះកិច្ច បានមកពីអ្នកតំណាងទាំងអស់នៃភាគី នយោបាយរបស់កម្ពុជា​ទាំង៤។ តំណាងសហប្រធានសន្និសិទ ជាអ្នកដឹកនាំគណកម្មាធិការ ចំពោះកិច្ច និងគណកម្មាធិ​ការ សម្រប​សម្រួល។
ក្នុងសម័យប្រជុំទី២ របស់ខ្លួន សន្និសិទបានអនុម័តនូវ​ឯកសារបន្តបន្ទាប់ ដោយបង្ហាញនូវភាពល្អិតល្អន់​នៃក្របខ័ណ្ឌ សម្រាប់ដំនើរការដោះស្រាយនយោបាយរួមនៃជម្លោះកម្ពុជា ហើយដែលបន្ទាប់មកត្រូវបាន​អនុ​-ម័តដោយសមាជិកអចិន្ត្រៃយ៍ ទាំងប្រាំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩៩០។ កិច្ចព្រមព្រៀងទាំងមូល រួមមា​នឯកសារបួន ជាភាសាខ្មែរ ចិន អង់គ្លេស បារាំង និង រុស្ស៊ី ដូចខាង​ក្រោម៖
-សេចក្ដីសម្រេចចុងក្រោយនៃសន្និសិទអន្តរជាតិក្រុងប៉ារីស ស្ដីពីកម្ពុជា
-កិច្ចព្រមព្រៀង ស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះនៅកម្ពុជា
            រួមជាមួយនឹងឧបសម្ព័ន្ធ ចំនួនប្រាំ៖
            -ឧបសម្ព័ន្ធទី១៖ អាណត្តិរបស់ អ៊ុនតាក់
            -ឧបសម្ព័ន្ធទី២​៖ ការដកចេញ បទឈប់បាញ់ និងវិធានការពាក់ព័ន្ធ
            -ឧបសម្ព័ន្ធទី៣៖ ការបោះឆ្នោត
            -ឧបសម្ព័ន្ធទី៤៖ ការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនកម្ពុជា និងជនផ្លាស់ប្ដូរទីលំនៅ
            -ឧបសម្ព័ន្ធទី៥៖ គោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជា
-កិច្ចព្រមព្រៀងពាក់ព័ន្ធនឹងអធិបតេយ្យភាព  ឯករាជ្យភាព បូរណភាពទឹកដី និងភាពមិនអាចរំលោភ បំពានបាន អព្យាក្រឹតភាព និងឯកភាពជាតិកម្ពុជា
-សេចក្ដីប្រកាសពីការស្ដារ និងការកសាងកម្ពុជាឡើងវិញ
កិច្ចព្រមព្រាងនេះផ្ដល់ជាមូលដ្ឋានដល់៖
-ការបង្កើតអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា (អ៊ុនតាក់) ទទួល​អាណត្តិអនុវត្តកិច្ចព្រមព្រៀងសន្ដិភាព
-ការបង្កើតនូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (SNC) ដែលជាតួអង្គស្របច្បាប់ និងជាប្រភពនៃ​អំណាចតែមួយគត់នៅកម្ពុជា ដោយប្រគល់អំណាចទៅអ៊ុនតាក់នូវអំណាចនានាដែលចាំបាច់សម្រាប់ការអនុវត្ត​ នូវកិច្ចព្រមព្រៀងសន្ដិភាពនេះ
-បទឈប់បាញ់គ្នាជាផ្លូវការ ក្រោមការចាត់ចែង និងត្រួតពិនិត្យរបស់អ៊ុនតាក់
-ការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួន និងជនផ្លាស់ប្ដូរទីលំនៅ
-ការត្រួតពិនិត្យបញ្ជាក់នូវការដកចេញ និងការមិនអោយវិលត្រឡប់មកវិញ នូវកងកម្លាំងបរទេសទាំង​អស់ និងការបញ្ឈប់ជំនួយយោធាពីខាងក្រៅ
-ការប្រមូលផ្ដុំ ការដកហូតអាវុធ និងការរំសាយកងកម្លាំងប្រដាប់អាវុធ របស់ភាគីកម្ពុជាទាំងបួន
-អ៊ុនតាក់គ្រប់គ្រងលើវិស័យគន្លឹះ៥ (ការពារជាតិ ហិរញ្ញវត្ថុ កិច្ចការបរទេស ព័ត៌មាន និងសន្តិសុខ សាធារណៈ) ដើម្បីធានានូវបរិយាកាសនយោបាយ អព្យាក្រិត ដែលនាំអោយមានការបោះឆ្នោតដោយសេរី និង​យុត្តិធម៌
-ការបោះឆ្នោតត្រូវរៀបចំឡើងដោយអ៊ុនតាក់ ដើម្បីជ្រើសរើសសមាជិក ១២០រូប នៃសភាធម្មនុញ្ញ ដែលត្រូវព្រៀង និងអនុម័តរដ្ឋធម្មនុញ្ញថ្មីមួយ ដោយផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរី
-បទបញ្ញត្តិរួម ដើម្បីការពារសិទ្ធិមនុស្ស មុន និងក្រោយពេលបោះឆ្នោត
១០-ការធានាជាអន្តរជាតិ នូវអធិបតេយ្យភាព ឯករាជ្យភាព បូរណភាពទឹកដី និងភាពមិនអាចរំលោភ​បាន អព្យាក្រិតភាព និងការមិនចូលបក្សសម្ព័ន្ធរបស់កម្ពុជា។
ការអនុម័តឯកសារទាំងនេះ ត្រូវបានចុះហត្ថលេខាដោយសមាជិក ១២ រូបនៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់​នៃកម្ពុជា ដែលត្រូវបានចាត់ទុកជាតួអង្គស្របច្បាប់ និងជាប្រភពនៃអំណាច ដែលជាអ្នកធានាការពារនូវអធិប-​តេយ្យភាព ឯករាជ្យភាព និង​ឯកភាពជាតិ នៃប្រទេសកម្ពុជា។

            III.ការនាំអោយមានការបោះឆ្នោតនៅកម្ពុជា
១.ដំណើរការឆ្ពោះទៅរកការបោះឆ្នោតនៅកម្ពុជា
ក.អាជ្ញាធរបណ្ដោះអាសន្នសហប្រជាជាតិនៅកម្ពុជា
            យោងតាមមាត្រាទី៦ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ដែលជា អង្គការស្របច្បាប់តែមួយគត់ និងជាប្រភពនៃ​អំណាចនៅកម្ពុជា ត្រូវតែផ្ដល់តាមរយះកិច្ចព្រមព្រៀងបច្ចុប្បន្នដល់សហប្រជាជាតិនូវ គ្រប់អំណាចចាំបាច់ទាំង​អស់ ដើម្បីធានាការអនុវត្តកិច្ចព្រមព្រៀងនេះ នៅគ្រប់លក្ខណ្ឌ ដែលបានកំណត់នៅក្នុងឧបសម្ព័ន្ធទី១។​នៅថ្ងៃ ដែលកិច្ចព្រមព្រៀងបានចុះហត្ថលេខា ហើយគ្រប់អំណាចទាំងអស់ត្រូវបញ្ជូនកិច្ចព្រមព្រៀងនេះទៅ អ.ស.ប។
            សម័យអន្តរកាលត្រូវបានបញ្ចប់នៅពេលណា ដែលសភាធម្មនុញ្ញបានកើតឡើងដោយបានទទួល​សំលេងគាំទ្រពីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវដែលរៀបចំ និងធានាដោយសហប្រជាជាតិ។ សភាធម្មនុញ្ញ​ត្រូវអនុម័តយល់ព្រមរដ្ឋធម្មនុញ្ញហើយបានប្ដូរទៅជាសភាស្របច្បាប់ ហើយបន្ទាប់មករដ្ឋាភិបាល​ថ្មីមួយក៏ត្រូវ​បង្កើតឡើង (មាត្រា១)។
            ផែនការត្រៀមរៀបចំទាំងឡាយត្រូវចាប់ផ្ដើម ដើម្បីអនុវត្តកិច្ចព្រមព្រៀងសន្ដិភាព។ បេសកកម្មនាំមុខ​របស់ អ.ស.បនៅកម្ពុជា ដែលមានប្រទេសមហាអំណាចទាំងប្រាំ និងភាគីជម្លោះកម្ពុជាទាំង៤ បានព្រមព្រៀង​គ្នាបង្កើតឪកាសកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជានៅប៉េកាំង កាលពីថ្ងៃទី ១៦ និងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ​១៩៩១ ដើម្បីរៀបចំអោយមានអាជ្ញាធរបណ្ដោះអាសន្ន សហប្រជាជាតិនៅកម្ពុជា។ បេសកកម្មនេះត្រូវបញ្ជូន​មកកម្ពុជាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៩១។ បន្ទាប់មកគឺត្រូវតែងតាំងអ្នកទទួលខុសត្រូវរបស់អាជ្ញាធរបណ្ដោះ​ អាសន្នសហប្រជាជាតិនៅកម្ពុជា ទាំងផ្នែកយោធា និងផ្នែកនយោបាយ។ នៅថ្ងៃទី៩​ខែមករា ឆ្នាំ១៩៩២ លោក យ៉ាស៊ូស៊ី អាកាស៊ី (Yasushi Akashi) ដែលជាជនជាតិជប៉ុន ត្រូវបានតែងតាំងជាប្រធាននៃអាជ្ញាធរ ថ្មីនេះ​ហើយឧត្តមសេនីយ៍អូស្ត្រាលី ចន សាន់ឌឺសុន (John Sanderson) ជាមេបញ្ជាការ ខាងផ្នែកយោធា និង​លោក ហ្សេរ៉ា ព័រសែល (Gerard Porcell) ជនជាតិបារាំងជាអ្នកទទួលខុសត្រូវខាងផ្នែកស៊ីវិល។
            នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩២ អគ្គលេខាធិការរបស់ អ.ស.ប បានបញ្ជូនរបាយការណ៍មួយទៅក្រុម​ប្រឹក្សាសន្តិសុខ ដោយស្នើរផែនការអនុវត្តអាណត្តិ ដែលបាន កំណត់ដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស។​ បន្ទាប់​មកក៏មានសេចក្ដីសម្រេចលេខ ៧៤៥ ចុះថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ១៩៩២​ស្ដីពីការបង្កើតអាជ្ញាធរបណ្ដោះអាសន្ន​ អង្គការសហប្រជាជាតិនៅកម្ពុជា សម្រាប់រយៈពេលមិនអោយហួសពី​១៨ ខែ និងកំណត់ប្រតិទិននៃកិច្ចព្រម​ព្រៀងខាងវិស័យយោធា នយោបាយ និងមនុស្សធម៌។ គេត្រូវចំណាយថវិកា ២,៦ ពាន់លានដុល្លា។ អាជ្ញាធរ​នេះត្រូវស្ថិតនៅក្រោមអំណាចពិសេសនៃ អ.ស.ប។ ដូចយើងបានរៀបរាប់រួចមកហើយនៅខាងលើ គឺថាអាជ្ញាធរ ត្រូវអនុវត្តរាល់អំណាចទាំងអស់ ដើម្បីធានាដល់ការអនុវត្តកិច្ចព្រមព្រៀង ដោយរួមទាំងការរៀបចំ និងការដឹកនាំ​ការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ​ និងទិដ្ឋភាពពាក់ព័ន្ធនៃកិច្ចរដ្ឋបាល​នៅកម្ពុជា។[11]
            អាជ្ញាធរចែកចេញជាពីរផ្នែក គឺស៊ីវិល និងយោធា ដែលផ្នែកស៊ីវិលមានចំនួន៥ ០០នាក់ និងយោធា១៦ ០០០នាក់ ដែលមកពីបណ្ដាប្រទេសជាច្រើន[12]។ ក្នុងចំណោមអ្នកទាំងនោះ អ្នកដែលបានមកដល់កម្ពុជាមុនគឺ នៅថ្ងៃទី ១២ ខែមិនា ឆ្នាំ១៩៩២ ហើយដែលជាពេលបញ្ចប់បេសកកម្ម នាំមុខរបស់សហប្រជាជាតិ។
            ខាងផ្នែកស៊ីវិល ដែលមានចំនួនចូលរួម និងមន្រ្តីអន្តរជាតិរបស់គេមកពីប្រទេសរាប់រយផងនោះ​ត្រូវ បំពេញភារកិច្ចដែលគេផ្ដល់អោយៈ
            -កិច្ចប្រតិបត្តិការធ្វើមាតុភូមិនិវត្តន៍នៃជនភៀសខ្លួន កម្ពុជាចំនួន ៣៦០ ០០០នាក់នៅលើទឹកដីថៃ ត្រូវ​ចាប់ផ្ដើមធ្វើជាផ្លូវការនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៩២។
            -ការបោសសម្អាតមីន នៅតាមតំបន់ខ្លះតាមព្រំដែន និងនៅកន្លែងឯទៀត​ដោយមានការត្រៀមទទួល ជនភៀសខ្លួន។
            -ការប្រកាសច្បាប់បោះឆ្នោត នៅថ្ងៃទី ០៥​ខែសីហា ឆ្នាំ១៩៩២
            -ការចុះឈ្មោះអ្នកបោះឆ្នោត ដែលត្រូវចាប់ផ្ដើមពីថ្ងៃទី ៥​ខែតុលា ឆ្នាំ១៩៩២ ក្នុងរយះពេល៣ខែ នៅ​ក្នុងទូទាំងប្រទេស នៅតាមការិយាល័យ និងនៅកន្លែងការិយាល័យបណ្ដោះអាសន្ន ឬការិយាល័យចល័ត។ មានប្រជាជនកម្ពុជាចំនួន ៤ ៦៤០ ០០០ នាក់[13] បានចុះឈ្មោះបោះឆ្នោតលើបញ្ជីបោះឆ្នោត។
            ការចុះឈ្មោះបណ្ដោះអាសន្ន គណបក្សនយោបាយ ៣១ និងបេក្ខជននានាត្រូវធ្វើនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៩២។
            -ដាក់អោយដំណើរការកម្មវិធីបណ្ដុះបណ្ដាល និងបង្រៀនពលរដ្ឋវិជ្ជានៅក្នុងស្រទាប់ប្រជាពលរដ្ឋ។
            -តាក់តែង និងផ្សព្វផ្សាយ​ជាទូទៅនូវកម្មវិធីអប់រំមួយ ស្ដីពីសិទ្ធិមនុស្សដោយរួមសហការជាមួយក្រុម​ នានានៅក្នុងស្រុកនៃការការពារសិទ្ធិមនុស្ស រួមទាំងសញ្ញាណនៃប្រជាធិបតេយ្យ​ដែលកំពុងដុះដាល។
            ដោយពុំបានរៀបរាប់អោយលម្អិត អាជ្ញាធរបណ្ដោះអាសន្នសហប្រជាជាតិនៅកម្ពុជា បានខិតខំប្រឹង​ប្រែងអស់ពីកម្លាំងកាយចិត្ត​ ក្នុងការបង្កើតបរិយាកាសនយោបាយអព្យាក្រិត និងត្រឹមត្រូវសម្រាប់ អោយមានការ​បោះឆ្នោតដោយសេរី និងយុត្តិធម៌ ដែលជាកូនសោរសំខាន់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
            នៅទីបញ្ចប់ ការបោះឆ្នោតត្រូវកំណត់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣។​ប៉ុន្តែ នីតិវិធី​ ក្នុងការកាត់បន្ថយកងកម្លាំងយោធាពុំបានធ្វើទៅទាំងអស់នោះទេ។ការកាត់បន្ថយទ័ពត្រូវបានកំណត់ត្រឹម៧០% ហើយកងទ័ពឈរជើង នៅសល់៣០% ទៀតត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហប្រជាជាតិ។ ការ​កែប្រែ​ខ្លះទៀតមានដូចជា របៀបបោះឆ្នោត ការបោះឆ្នោតជាសមាមាត្រ ត្រូវអនុម័តធ្វើឡើងទៅតាមបណ្ដាខេត្ត​នានា។
            ខ.ការលើកស្ទួយ និងការកសាងកម្ពុជាឡើងវិញ
            ការលើកស្ទួយនិងការកសាងកម្ពុជាឡើងវិញ ស្ថិតនៅក្នុងចំណុចទី២ នៃការអន្តរាគមន៍របស់ អ.ស.ប។​ការងារនេះបានបង្ហាញទិដ្ឋភាពផ្សេងៗ ទៀតនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលមានចែងក្នុងមាត្រាទី២៤​ថា៖ ហត្ថលេខីទាំងឡាយ ត្រូវស្នើរជាប្រចាំទៅសហគមន៍អន្តរជាតិ ដើម្បីផ្ដល់នូវការគាំទ្រ ទាំងផ្នែកសេដ្ឋកិច្ច និងហិរ​ញ្ញវត្ថុចាំបាច់សម្រាប់ការលើកស្ទួយ និងការកសាងកម្ពុជានៅក្នុងលក្ខណ្ឌទាំងឡាយ ដែលបានកំណត់ឡើង​នៅក្នុងសេចក្ដីថ្លែងការណ៍មួយដាច់ដោយឡែក។
            លក្ខណៈពិសេសនេះពុំមែនថ្មីទេ ចំណុចនេះគ្រាន់តែជាការលើកពីការអនុវត្តបែបបទមួយឡើងវិញតែ​ប៉ុណ្ណោះ ដែលគេបានឃើញរួចហើយក្នុងឱកាសសន្និសិទអន្តរជាតិស្ដីពីកម្ពុជា ពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ១៩៨៩។ ប្រទេសជប៉ុន និងអូស្រ្តាលី ជាប្រធាននៃគណកម្មាធិការនេះ។
            គោលបំណងរបស់សន្និសិទ គឺបង្កើតបរិយាកាសសេដ្ឋកិច្ចមួយដែលឆ្ពោះទៅរកការរីកចម្រើននៃ​ប្រទេស​ ក្រោយពេលរៀបចំការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅខែ ឧសភា ឆ្នាំ១៩៩៣។​ វិស័យទាំង៩ ដែលពាក់ព័ន្ធទៅនឹងផែនការនេះគឺ ៖ ១-ការធ្វើមាតុភូមិនិវត្តន៍នៃជនភៀសខ្លួន ២-ការគាំទ្រអោយមានការមក​តាំងទីលំនៅជាថ្មីឡើងវិញ ៣-ការរក្សានូវក្រសួងសំខាន់ៗ ៤-សុខាភិបាល ៥-បណ្ដោះបណ្ដាល និងអប់រំ ៦-ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ ៧-កិច្ចការរដ្ឋបាល ៨-ឧស្សាហកម្ម និង ៩-ជំនួយផ្សេងៗ តាមរយះអង្គ​ការក្រៅរដ្ឋាភិបាល។
            ថវិការចំនួន ៨៨០ លានដុល្លារសហរដ្ឋអាមេរិក បានត្រូវគ្រោងទុកសម្រាប់ការចាប់ផ្ដើមការងារ ដែល​មានទ្រង់ទ្រាយធំនេះ។
            ថ្ងៃទី២២ ខែមិថុនា ឆ្នាំ ១៩៩២ នៅទីក្រុងតូក្យូ តាមគំនិតផ្ដូចផ្ដើមរបស់ប្រទេសជប៉ុន មានបើកសន្និ​សិទមួយ ស្ដីពីការលើកស្ទួយ និងការកសាងកម្ពុជាឡើងវិញដោយមានការចូលរួមត្រឹមថ្នាក់រដ្ឋមន្រ្តី ដើម្បីរកមូល​និធិសម្រាប់ដំណើរការកម្មវិធីមួយ ចំនួនក្នុងរយះពេល ២ឆ្នាំខាងមុខ។ ប្រទេសចំនួន៣៤[14] និងទីភ្នាក់ងារអន្តរ​ជាតិ[15] ជាច្រើនបានចូលរួមក្នុងសន្និសិទនេះ ដោយមានទាំងគណៈប្រតិភូរបស់អង្គការមិនមែនរដ្ឋាភិបាលសកម្ម នៅកម្ពុជាផង។ អាជ្ញាធរបណ្ដោះអាសន្នសហប្រជាជាតិនៅកម្ពុជាត្រូវមាន តំណាងជាអ្នកដឹកនាំ គឺលោក យ៉ាស៊ូស៊ី អាកាស៊ី។ នៅពេលបញ្ចប់សន្និសិទប្រទេស និងអង្គការជាច្រើនសន្យាថា នឹងផ្ដល់ជំនួយហិរញ្ញវត្ថុចំនួន​៨៨០ លានដុល្លារ[16] សហរដ្ឋអាមេរិច។ វិភាគទានមួយចំនួនធំ បានពីប្រទេសជប៉ុន ប្រទេសបារាំង សហរដ្ឋអាមេ​រិច អូស្ត្រាលី និងប្រទេសស៊ុយអែត។
            នៅខណៈពេលនេះ គណៈកម្មាធិការអន្តរជាតិមួយសម្រាប់កសាងកម្ពុជាឡើងវិញ ត្រូវបានបង្កើតឡើង ក្រោមអធិបតីភាពប្រទេសជប៉ុន និងបារាំង។ កិច្ចប្រជុំរបស់គណៈកម្មាធិការនេះ នឹងធ្វើការផ្លាស់ប្ដូរគ្នាម្ដងម្នាក់ នៅតូក្យូ និងប៉ារីស។
            សេចក្ដីសម្រេច ​នេះ ចង់បញ្ជាក់ថាជំនួយរបស់សហគមន៍អន្តរជាតិមិនត្រូវបញ្ឈប់នៅពេល ដែលបេសក​កម្មរបស់អាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិ នៅកម្ពុជាបានបញ្ចប់នោះទេ។​ជំនួយនេះដែល​ បានចាប់ផ្ដើមតាំងពីប្រតិបត្តិការដំបូងត្រូវបន្តបេសកកម្មរបស់ខ្លួនតទៅទៀត។
           
២.ការបោះឆ្នោត ខែឧសភា ឆ្នាំ ១៩៩៣
            ដើម្បីសម្របសម្រួលការអនុវត្ត កិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រ​ជាជាតិបានអនុម័តនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ១៩៩២​នូវដំណោះស្រាយរួមមួយ ដោយ​កំណត់អោយមានការ​ឈប់​បាញ់ទាំងស្រុងនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ១៩៩២ និងចុងបញ្ចប់នៃការរំសាយកងទ័ព និងការបង្កើត​ទ័ពទាំង​បួនភាគីចំនួន ៧០% ត្រឹមថ្ងៃទី ៣០ កញ្ញា ឆ្នាំដដែល។
            យោងទៅតាមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១នៅទីក្រុងប៉ារីស អ៊ុនតាក់ ទើបតែបានធ្វើដំណើរមកដល់ទីក្រុងភ្នំពេញនៅថ្ងៃទី១៥ ខែមិនា ឆ្នាំ១៩៩២ ប៉ុណ្ណោះក្នុងពេលនោះ អ៊ុនតាក់មិនមានជោគជ័យក្នុងការនាំមកនូវ សន្តិភាព និងលទ្ធិប្រជាធិបតេយ្យជាថ្មីទេ ព្រមទាំងមិនបានបង្ហាញ​ថាស្ថិតនៅក្នុងបរិយាកាស ដែលត្រូវរង់ចាំដល់ពេលណាតទៅទៀតឡើយ។
            តាមការណ៍នេះបានបង្ហាញអោយឃើញថា ចាប់តាំងពីថ្ងៃ ២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស មករហូតមកដល់ពេលអ៊ុនតាក់ចូលមកដល់ភ្នំពេញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៩២​នោះវាមិនមែនជាជោគជ័យ​ថ្មីក្នុងការបង្កើតសន្ដិភាព និងលទ្ធិប្រជាធិបតេយ្យ ឬបរិយាកាសស្រស់ស្រាយ ដែលគេរង់ចាំនោះទេ។

            ក.ខ្មែរក្រហម
            បញ្ហាដំបូងខ្មែរក្រហមរំលោភបទឈប់បាញ់គ្នា ដោយប្រតិបត្តិការយោធាប្រឆាំងនឹង កងកម្លាំងកុម្មុយ​នីស្ដរបស់អតីតរដ្ឋកម្ពុជា និងអ៊ុនតាក់។ ដូច្នេះ បំណងរបស់ពួកគេសំដៅបែងចែកដែនដី បង្ករភាពភ័យខ្លាច និង​បំផ្លាញសណ្ដាប់ធ្នាប់នៃការបោះឆ្នោត។ ពួកគេចាប់ផ្ដើមសម្ដែងចេញនូវការវាយប្រហារបែបហិង្សា នៅថ្ងៃទី១១ ដោយកាន់កាប់បានមួយភាគតូច រហូតឈានដល់ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកោះកុង ខេត្តកំពត និងខេត្តតាកែវ ដោយក្នុងពេលនោះខេត្តសៀមរាប ត្រូវវាយប្រហាររហូតពួកគេកាន់កាប់អាកាសយាន​ដ្ឋានបាន នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ១៩៩២​បណ្ដាលអោយមនុស្ស ១២ នាក់ស្លាប់ និងរបួសជាច្រើន។ ពួកខ្មែរ​ក្រហមបានបំផ្លាញផ្លូវថ្នល់និងស្ពានជាច្រើនបង្ករសេចក្ដីស្លាប់ វិនាសកម្ម និងមហន្តរាយ។ ផ្លូវដែកមិនសូវបំផ្លាញ ច្រើនទេ ព្រោះជាកន្លែងកាន់កាប់យ៉ាងស្រួល។
            នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ១៩៩៣ ពួកខ្មែរក្រហមវាយប្រហាររថភ្លើងភ្នំពេញទៅបាត់ដំបង នៅក្នុង​ស្រុកមោងឬស្សី បណ្ដាលអោយមនុស្ស ១៩នាក់ស្លាប់ និង៨០នាក់រងរបួស។ ជនរងគ្រោះមានទំហំធំធេង​ណាស់។
            កងទ័ពរបស់រដ្ឋកម្ពុជាបានរៀបចំផែនការវាយបក ដើម្បីការពារមូលដ្ឋានរបស់ខ្លួន។ កងកម្លាំងនេះ ប៉ង​វាយរំដោះយកក្រុងប៉ៃលិនមកវិញនៅថ្ងៃទី ០១ ខែកុម្ភៈឆ្នាំ ១៩៩៣។ ប្រតិបត្តិការនេះ មិនទទួលបានជោគជ័យ​ទេដោយសារ ហ៊ុន​សែន បញ្ជាអោយបញ្ឈប់ការវាយប្រហារក្រោមសម្ពាធរបស់អ៊ុនតាក់។
            ប៉ុន្តែក្រោយការបោះឆ្នោត ខែឧសភា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៩៣ កងកម្លាំងទាំងបីភាគី ក្នុងនោះ​មានគណបក្សប្រជាជន             (CPP) រណសិរ្សសេរីប្រជាជាតិខ្មែរ(FNLPL) និងរណសិរ្សរួបរួមជាតិកម្ពុជាដើម្បី​ឯករាជ្យ អព្យាក្រឹតសន្តិភាព និងសហប្រតិបត្តិការ (FUNCINPEC) បានសម្របសម្រួលសកម្មភាពរបស់ខ្លួន ដើម្បីប្រយុទ្ធតទល់ជាមួយខ្មែរក្រហម និងដើម្បីពង្រឹងមូលដ្ឋានរបស់ខ្លួននៅតាមខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។
            បំណងមួយទៀតរបស់ពួកខ្មែរក្រហម គឺសំដៅជនជាតិវៀតណាម ដែលរស់នៅប្រទេសកម្ពុជា ជា​ពិសេសតំបន់សម្បូរត្រីនៃបឹងទន្លេសាប។ ក្នុងរយះពេលបីខែ ដំបូងនៃឆ្នាំ ១៩៩៣ ខែមីនា ឆ្នាំ១៩៩៣ ព្រោះមិន​អាចការពារសន្តិសុខបាន។
            ជនជាតិវៀតណាមប្រមាណ ១៧ ០០០ នាក់សុខចិត្តធ្វើមាតុភូមិនិវត្តនៅពាក់កណ្ដាលខែ មេសា ឆ្នាំ ១៩៩៣ និង ២៥ ០០០ នាក់ទៀតនៅចាប់តាំងពីដើមខែ ឧសភា ឆ្នាំ១៩៩៣ ដោយហេតុផលសន្តិសុខ។
            ចំណែងឯឥរិយាបថរបស់ខ្មែរក្រហមចំពោះអ៊ុនតាក់វិញខ្មែរក្រហមមិនទទួលបាននូវអ្វី ដែលខ្លួនទាមទារ​ឡើយ។ ចាប់តាំងពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ១៩៩៣ ខ្មែរក្រហមបដិសេធការរំសាយកងទ័ពចំនួន ៧០% ការ​ដាក់អាវុធ និងការបង្កើតទ័ពបណ្ដោះអាសន្ននៃកងកម្លាំងរបស់ខ្លួន[17]។ តំបន់កាន់កាប់ត្រូវបិទ និងហាមឃាត់​រាល់​ថ្ងៃចំពោះអធិការកិច្ចគ្រប់ប្រភេទ។
           
ដោយមិនបានគោរពតាមអនុសាសន៍របស់កិច្ចព្រមព្រៀងទីក្រុងប៉ារីសទៀតនោះ អគ្គលេខាធិការនៃអង្គ​ការសហប្រជាជាតិបានប្រកាស នៅក្នុងរបាយការណ៍ទៅអោយក្រុមប្រឹក្សាសន្ដិសុខ​ កាលពីថ្ងៃទី១៥​ខែវិចិ្ឆកា ឆ្នាំ​១៩៩២​អំពីការបញ្ឈប់កិច្ចប្រជុំនៃ ដំណើរការដកកងទ័ព។ នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ១៩៩២ ក្រុមប្រឹក្សាសន្តិ​សុខបានបន្ទោសទៅលើឥរិយាបថ របស់ខ្មែរក្រហម និងសម្រេចកាត់ផ្ដាច់បណ្ដោះអាសន្ន ចំពោះផលិតផល​ប្រេងឥន្ធនៈឆ្ពោះទៅកាន់តំបន់ខ្មែរក្រហម។ ការរាំងខ្ទប់នៃការនាំចេញឈើ និងត្បូងពេជ្រ​ដែលបានអនុម័តនៅ ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ១៩៩២ ដោយក្រុមប្រឹក្សាជាតិជាន់ខ្ពស់ស្ថិតក្នុងសមត្ថកិច្ចរបស់អ៊ុនតាក់។
            សេចក្ដីសម្រេចចុងក្រោយ គឺមិនអនុញ្ញាតអោយចុះឈ្មោះជាគណបក្សនយោបាយក្នុងការបោះឆ្នោត[18] នាពេលខាងមុខនាំអោយគេកត់សម្គាល់ឃើញកាន់តែច្បាស់អំពីការបំបែកខ្លួនរបស់ខ្មែរក្រហមចេញពីសហគមន៍​អន្តរជាតិ និងផ្ដាច់ខ្លួនទាំងស្រុង។
            ជាធម្មតាខ្មែរក្រហមមិនពេញចិត្ត ចំពោះការគោរពកិច្ចព្រមព្រៀងទាំងឡាយពួកគេបង្កហេតុម្ដងហើយ​ម្ដងទៀត ដោយប្រកាសប្រតិបត្តិការយោធាប្រឆាំងនឹងកងកម្លាំង និងចាប់ខ្លួន ជម្រិត បង្កររបួស និងសម្លាប់ មន្ត្រី​របស់អ៊ុនតាក់បានសម្ដែងការសោកស្ដាយចំពោះមរណភាពទាំង១៥ នាក់ និងរងរបួសចំនួន៦៤ នាក់។
            សភាពការណ៍ចេះតែតានតឹងឡើងៗ។ ដូច្នេះក្រុមគ្រួសារ ប្ដីប្រពន្ធ និងកូន និងបុគ្គលិករបស់អង្គការ​សហប្រជាជាតិ​ បានទទួលបញ្ជាអោយជម្លៀសចេញនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ១៩៩៣។ ការគំរាមកំហែង​របស់ខ្មែរក្រហម រឹតតែធ្ងន់ធ្ងរទៅៗ នៅខណៈពេលដែលពួកគេបានបោះខិតប័ណ្ណអំពាវនាវអោយសម្លាប់សមា​ជិកជីវពល។ សមាជិកទាំងនោះបានបោះបង់ការិយាល័យរបស់ខ្លួន ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ១៩៩៣ ដោយសារ​ភាពភ័យខ្លាច។
            ខ.បញ្ញតិ្តនៃការបោះឆ្នោត
            យុទ្ធនាការបោះឆ្នោតបានបញ្ចប់នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ១៩៩៣។ គណបក្សនយោបាយ ២០[19] ចេញមកពីនិន្នាការនយោបាយ និងក្រុមសង្គមខុសៗពីគ្នា បានឃោសនានូវកម្មវិធី និងទស្សនៈនយោបាយស្ទើ​តែដូចគ្នាសុទ្ធសាធពីគណបក្សមួយទៅគណបក្សមួយទៀត ខុសតែអត្ថន័យប៉ុណ្ណោះ។
            គេដឹងថាមាន៖
            -១ ៥០០ ការិយាល័យបោះឆ្នោត នៅ២០ ខេត្ត-ក្រុង ក្នុងចំណោម ២១ខេត្ត-ក្រុង។ ការិយាល័យបោះ​ឆ្នោតចល័ត ២០០ ផ្សេងទៀត ត្រូវបានគេរំពឹងថា សម្រាប់តំបន់ដាច់ស្រយាល។ ជនបរទេសសញ្ជាតិខ្មែរ (អណិកជនខ្មែរនៅឯបរទេស) អាចបោះឆ្នោត បាននៅទីក្រុងប៉ារីស ញូយ៉ក និងស៊ីដនី ក្នុងករណីគេបានចុះ​ឈ្មោះរួចហើយនៅឯភ្នំពេញ។ ដោយក្ដីតូចចិត្ត និរទេសជនបានមើលឃើញនៅក្នុងសេចក្ដីសម្រេចនោះថាជា​នុយបញ្ឆោត ឬជាល្បិចកលមួយក្នុងគោលបំណងបដិសេធគំនិតខ្មែរនៅឯនាយសមុទ្រ។
            -ភ្នាក់ងារអង្កេតការណ៍អន្តរជាតិ ចំនួន ១៤០០រូប មកពី ៥៨ ប្រទេស និងសមាជិកនៃអង្គការសហ​ប្រជាជាតិចំនួន ១៣០ទីភ្នាក់ងារ។
            -ភ្នាក់ងារសង្កេតការណ៍អន្តរជាតិ ៤៧ រូបដែល៣៨ រូបមកពីអង្គទូតប្រចាំនៅកម្ពុជា
            -ភ្នាក់សង្កេតការណ៍អន្តរជាតិ ១ ៧០០ រូបជាសមាជិកសមាគមន៍សិទ្ធិមនុស្សនៅកម្ពុជា ចំនួន៤
            -កងយោធាអ៊ុនតាក់ ដែលទទួលបន្ទុកត្រួតពិនិត្យ និងការពារការិយាល័យបោះឆ្នោត​ និងដឹកជញ្ជូនហិប​ឆ្នោត។
            គ.ថ្ងៃប្រយុទ្ធ ថ្ងៃទី ២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣
            ថ្ងៃប្រកួត ដែលគេភ័យខ្លាចបានបញ្ចប់។ ទូទាំងពិភពលោកត្រៀមខ្លួនការពារចំពោះការវាយប្រហារ​របស់ខ្មែរក្រហម ក្នុងការធ្វើអោយមានភាពវឹកវរ និងអសុពលភាពដល់ការបោះឆ្នោតថ្ងៃទី ២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣។
            ផ្ទុយទៅវិញ នៅថ្ងៃបោះឆ្នោតដំបូងប្រព្រឹត្តទៅនៅក្នុងបរិយាកាសស្ងប់ស្ងាត់ដោយមានការចូលរួមពី ​ប្រជាពលរដ្ឋភាគច្រើន ក្រោមការការពារ និងត្រួតពិនិត្យរបស់កងយោធារបស់អ៊ុនតាក់។ ឯកសាររៀបចំរួចជា​ស្រេចយ៉ាងល្អនៅខាងមុខការិយាល័យបោះឆ្នោតនីមួយៗ។ ជនប្រដាប់អាវុធមិនអនុញ្ញាតអោយចូលទៅក្បែរបរិ​វេណបោះឆ្នោតចម្ងាយ ២០០ម៉ែត្រ។
            នៅថ្ងៃដំបូងនោះ គេអាចកត់សម្គាល់បានថាមានអ្នកបោះឆ្នោត ៤២% ក្នុងចំណោម ៤ ៧៦៥​ ៤៣០ នាក់បានទៅបោះឆ្នោតបំពេញកាតព្វកិច្ចរបស់ខ្លួនជាប្រជាពលរដ្ឋ។ នៅថ្ងៃបន្ទាប់ចំនួននេះបានកើនឡើង​រហូត​ដល់ ៧០% ហើយឡើងដល់ ៨៩,៥៦ % នៅថ្ងៃទីប្រាំមួយ។ ដូច្នេះ ការគំរាមកំហែង និងសំណើរសុំ​អោយធ្វើ​ពហិការនៅតែមានជារៀងរាល់ថ្ងៃក្នុងស្មារតីរបស់ខ្លួន។
            ប៉ុន្តែ មកដល់កាលបរិច្ឆេទបោះឆ្នោត ដែលបានកំណត់ទុក ខ្មែរក្រហមផ្លាស់ប្ដូរឥរិយាបថទាំងស្រុង ដោយរក្សាភាពស្ងៀមស្ងាត់ល្អ។ ខ្មែរក្រហមមិនហ៊ានបញ្ចេញប្រតិកម្មតទល់ ព្រមទាំងមិនបង្កើតសកម្មភាពរបស់​ខ្លួនដែរ។ ខ្មែរក្រហមជឿជាក់ថា ពិតជាមានការរៀបចំនាទីចុងក្រោយមួយ យ៉ាងពិតប្រាកដរវាងភាគីទាំងឡាយ​រួមមានប្រទេសចិន ប្រទេសថៃ ហ៊ុនស៊ិនប៉ិច និងខ្មែរក្រហម និងភាគីខ្មែរផ្សេងទៀត ហើយគេជឿទៀតថាកិច្ច​សន្យាបានធ្វើការគោរពដោយផ្នែកៗ។
            កាន់តែភ័ន្តច្រឡំម្តងទៀត ខ្មែរក្រហមមួយចំនួនត្រូវបានគេបញ្ចូនមកប៉ោយប៉ែត ដើម្បីបោះឆ្នោត។ នៅក្នុងខេត្តផ្សេងៗទៀតដែលគេយកខ្មែរក្រហមមកបញ្ចូលគណបក្សហ៊ុនស៊ិនប៉ិច ដើម្បីទទួលបានសំលេង​ឆ្នោតច្រើន។ ក្រុមនោះ បានហាមឃាត់អ្នកសង្កេតការណ៍ បរទេសមួយចំនួនមិនអោយចូលជិតសម្ព័ន្ធភាពរវាង​ចលនាទាំងពីរ។
            ចំណែកឯអង្គភាពបោះឆ្នោតវិញ អ្នកសង្កេតការណ៍ជាច្រើនបានកត់សម្គាល់ជាថ្មី ចំពោះហេតុផលសេដ្ឋ​កិច្ចថា អ៊ុនតាក់មិនបានបោះពុម្ពផ្សាយព្រឹត្តិប័ត្របោះឆ្នោតពិសេសដែលមានបណ្ដោយ ២៥ សង់ទីម៉ែត្រ ពណ៌​ ស-ខ្មៅ ដោ​​​​​​​​​​​​​​​​​​​យមានការកាត់បន្ថយឈ្មោះនិងផ្លាកសញ្ញា ពីគណបក្សទាំង២០ ដែលបានចុះឈ្មោះ។
            ធ្វើរបៀបនេះ មិនឈរលើគោលការណ៍តម្លាភាពឡើយ។ អ្នកបោះឆ្នោតជាច្រើន មិនបានអាន និងស្គាល់ គណបក្សនយោបាយ ទាំងឡាយដើម្បីធ្វើការជ្រើសរើសបានទេ។ ជាចម្បង ចំពោះជរាគ្មានវ៉ែនតា ហើយមិនចេះអាន។ចំពោះស្រ្តី ដែលមិនបានចូលរៀនអក្សរនៅសាលារៀន វាជារឿងមួយដែលមិនអាចធ្វើបាន។ ពួកគេព្យាយាមទាំងផុតនិស្ស័យមនុស្ស។ ប៉ុន្តែពួកគេមានការសម្រេចចិត្ត និងឆន្ទៈ ស្មោះត្រង់ចង់ឃើញកម្ពុជា ចាកចេញពីលទ្ធិកុម្មុយនិស្ដ ពីសង្គ្រាម និងចុងក្រោយចង់រស់ក្នុងសេរីភាព និងវឌ្ឍភាព។ ពួកគេបង្វិលចុះឡើង ហើយពិនិត្យព្រឹត្តិប័ត្រ ក្នុងន័យស្វែងរកគណបក្សដែលគេគាំទ្រ។​ប្រជាជនខ្លះមិនចេះអាន និងសរសេរ ជួនកាល​គេគិតថា​ជាព្រឹត្តិប័ត្រប្រឆាំង។ ខ្លះទៀតពង្រឹងទឹកចិត្តខ្លួនឯង ចំពោះល្បិច ដែលរាល់គណបក្សបានស្នើសុំ។ គេ​រាប់ក្រឡាចតុកោណនីមួយៗ របស់គណបក្ស និងជួរដេករៀងៗ គ្នារហូតរកឃើញជម្រើសដែលចង់បាន។ វិធី​សាស្រ្តនេះ មានការប្រថុយប្រថានច្រើន បណ្ដាលអោយភ្ញាក់ផ្អើលហួសពីការគិតផងដែរ។ នៅខែកក្កដា ឆ្នាំ​១៩៩៨ វិធីសាស្ត្រដដែលនេះ ត្រូវបានយកមកប្រើម្ដងទៀត ដែលបណ្ដាលអោយមានការក្រេវក្រោធនៅក្នុងជួរ គណបក្សនយោបាយសំខាន់ៗ។
            មុនពេលមានការចូលរួម អ្នកសង្កេតការណ៍ទាំងឡាយបានឯកភាពគ្នាថា ការត្រួតពិនិត្យធ្វើឡើង ដោយសេរី និងស្មើរភាព ទោះជាមានឧបទ្ទវហេតុបន្តិចបន្តួចណា ក៏ដោយ។ ក្រោយពេលបោះឆ្នោតមួយថ្ងៃ នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ១៩៩៣ តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក យ៉ាស៊ូស៊ី អាកាស៊ី (Yasushi Akashi) បានប្រកាសអោយពង្រឹងការសង្កេតការណ៍។
            ៣.លទ្ធផលនៃការបោះឆ្នោត
            ការជ្រើសរើសសន្លឹកឆ្នោតប្រើរយះពេលជាងមួយសប្កាហ៍ ហើយមិនទាន់បានបញ្ចប់នៅថ្ងៃទី ១០ ខែ​មិថុនា ឆ្នាំ១៩៩៣។ នៅថ្ងៃប្រជុំរបស់ក្រុមប្រឹក្សាជាតិជាន់ខ្ពស់នោះលោក យ៉ាស៊ូស៊ី អាកាស៊ី តំណាងពិសេស ​របស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានបង្ហាញពីលទ្ធផលនៃការបោះឆ្នោត ដោយបញ្ជាក់ថា វាបានដំណើរការទៅមុខទាំងស្រុង ដោយសេរី និងស្មើរភាព។
            នៅថ្ងៃទី១១​ ខែមិថុនា អ៊ុនតាក់បានប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ និងអ្នកតំណាងរាស្រ្តជាប់​ឆ្នោតចំនួន ១២០រូប ជាសមាជិកសភាធម្មនុញ្ញ។
            លទ្ធផលមានដូចខាងក្រោម៖
            -គណបក្សហ៊ុនស៊ិនប៉ិច៖ ១ ៨២៤ ១៨៨ សំលេង ត្រូវជា ៤៥,៤៧% ស្មើ ៥៨ អាសនៈ
            -គណបក្សប្រជាជនកម្ពុជា៖ ១​ ៥៣៣ ៤៧១ សំលេង ត្រូវជា៣៨,២២% ស្មើ ៥២ អាសនៈ
            -គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា[20]៖ ១៥២ ៧៦៤ សំលេង ត្រូវជា ៣,៨១% ស្មើ​១០អាសនៈ
            -គណបក្សម៉ូលីណាកា និងអ្នកតស៊ូខ្មែរៈ ៥៥ ១០៧ សំលេងត្រូវជា ១,០៣៧% ស្មើ ១អាសនៈ
            -គណបក្សទាំងអស់១៦ ផ្សេងទៀត ទទួលបានជាសរុប ៤៤៦ ១០១ សំលេង ត្រូវជា ១១,១២% នៃសំលេងឆ្នោត ហើយគេមិនចាត់ថាទទួលបានអាសនៈទេ។
            ចំពោះពន្លឺនៃលទ្ធផលនោះ មិនប្រាកដថា មានគណបក្សនយោបាយទាំងបួន ក្នុងសភាធម្មនុញ្ញ នា​ពេលខាងមុខឡើយ។ ពេលនោះ គណបក្សរាជានិយមក្លាយជាគណបក្សនយោបាយនាំមុខគេទីមួយ ដោយមាន​ចំនួនអាសនៈច្រើនជាងគេ។ ប៉ុន្តែសំលេងឆ្នោតរបស់គណបក្សនេះ ទទួលបានត្រឹមតែ ៤៥,៤៧% មិនគ្រប់ជា ​មតិភាគច្រើនដាច់ខាតបានទេ ហើយមិនអាចបង្ហាញថា ប្រជាជនខ្មែរទាំងអស់ ជាអ្នករាជានិយមឡើយ។ អ្នក​ចាញ់ជាងគេនោះ គឺពួកខ្មែរក្រហម ឬកម្ពុជាប្រជាធិបតេយ្យ។
            ប្រតិកម្មទាំងឡាយនោះ មិនធ្វើអោយយឺតយ៉ាវអោយរង់ចាំឡើយ។ គណបក្សហ៊្វុនស៊ិនប៉ិច និងគណ​បក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា​បានទទួលយកលទ្ធផលជាបន្ទាន់។ នៅថ្ងៃដដែល គឺថ្ងៃទី ១១ ខែមិថុនា គេប្រកាសសម្ព័ន្ធភាព ដោយគេរួមគ្នាបានសមាជិកសភាចំនួន ៦៨រូប។ ប៉ុន្តែនៅតែមិនគ្រប់ចំនួនពីរ ភាគបីនៃអាសនៈសរុប ក្នុងការអនុម័តរដ្ឋធម្មនុញ្ញនាពេលខាងមុខនៅកម្ពុជា​ តម្រូវតាមច្បាប់បោះឆ្នោតរបស់​អ៊ុនតាក់។
            ចំណែកឯពួកខ្មែរក្រហម មិនព្រមទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតឡើយ។ ដំបូងគេអំពាវនាវ​អោយឃាតកម្មឥស្សរជនជាន់ខ្ពស់ចំនួន ៦រូបរបស់រដ្ឋកម្ពុជា[21]
            ប្រតិកម្មនេះ បរិយាកាសនេះ និងទិដ្ឋភាពនយោបាយថ្មីនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវទំនាក់​ទំនងមិនសូវល្អ និងសម្ព័ន្ធត្រីភាគីដ៏មានប្រសិទ្ធិភាពរបស់អ្នកតស៊ូ និងក្រុមប្រឆាំងនឹងកម្លាំងរបស់រដ្ឋកម្ពុជា។ កូនអុកនយោបាយនៅកម្ពុជា គឺបែងចែកជាពីរ ក្រុមផ្សេងគ្នា ហើយពិបាកនឹងរកកម្លាំងនយោបាយអព្យាក្រឹត​ណាស់។
            តាមសេចក្ដីសម្រេចលេខ ៨៤០ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៩៣ សមាជិក១៥ រូបនៃក្រុមប្រឹក្សា​របស់អង្គការសហប្រជាជាតិ បានទទួលស្គាល់ជាថ្មី ជាឯកច្ឆ័ន្ទ នូវលទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា បណ្ដាល​អោយគណបក្សប្រជាជនកម្ពុជាជំទាស់ និងខកចិត្ត ដោយប្រកែកថា មានសមាជិករបស់ខ្លួនជាង ៣ លាននាក់ ប៉ុន្តែលទ្ធផលមិនសមស្របទៅនឹងភាពជាក់ស្ដែងឡើយ។
            ៤.វិវាទកម្ម
            នេះគឺអំពើមួយ ដែលគណបក្សប្រជាជនកម្ពុជាមិនអាចទទួលយកបាន។ ភ្លាមនោះ គណបក្សប្រជាជន​ កម្ពុជាបានចេញសេចក្ដីបដិសេធលទ្ធផលបោះឆ្នោតជាផ្លូវការស្របពេលជាមួយនឹងអ៊ុនតាក់ ប្រកាសលទ្ធផល​ឆ្នោត នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ១៩៩៣។ ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានប្ដឹងអំពីអប្រក្រតី​ភាពដ៏ធ្ងន់ធ្ងរ និងមិនអាចទទួលយកបាន និងបដិសេធមិនទទួលស្គាល់លក្ខណៈវិនិច្ឆ័យរបស់ហិបឆ្នោត។
            បណ្ដឹងសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជាមានដូចខាងក្រោម៖
            . ភាពខ្វះអព្យាក្រឹតរបស់អ៊ុនតាក់៖ការជ្រើសរើសប្រជាជនកម្ពុជាមានទំនោរនយោបាយខ្លាំង ការចែក​ចាយព័ត៌មានអាប់អួរបង្ករ ព្យសនកម្មដល់គណបក្សប្រជាជនកម្ពុជា តាមរយះវិទ្យុរបស់អ៊ុនតាក់ក្នុងរយះពេលនៃ ថ្ងៃបោះឆ្នោត។
            . ឧបាយកលក្នុងការរៀបចំច្បាប់បោះឆ្នោត ដោយអវត្តមានទាំងស្រុងនូវការពិគ្រោះរបស់ឧត្តមក្រុម​ប្រឹក្សាជាតិជាន់ខ្ពស់។
            . ព្រឹត្តិប័ត្របោះឆ្នោតសរសេរថា ការហាមឃាត់អ្នកសង្កេតការណ៍មកពីគណបក្សនយោបាយផ្សេង​ទៀត មិនអនុញ្ញាតអោយធ្វើទស្សនកិច្ចនៅការិយាល័យបោះឆ្នោតមួយចំនួន ឬត្រូវជួបជុំគ្នានៅពេលយប់។
            . អប្រក្រតីភាព៖ ត្រាសម្គាល់ការការពារហិបឆ្នោតជាង ១ ០០០ ត្រូវបានបែកបាក់ ហិបឆ្នោត៤១ ដែលមានត្រាសម្គាល់ការការពារពីខាងក្រៅប្រែជាគ្មានសន្លឹកឆ្នោត ដែលវាមិនត្រូវគ្នារវាងកំណត់ហេតុនៅក្នុង​ព្រឹត្តិប័ត្របោះឆ្នោត និងចំនួនជាក់ស្ដែង ការរាប់សន្លឹកឆ្នោតមិនត្រឹមត្រូវ ..
            តាមវិទ្យុផ្សាយសំលេងរបស់ខ្លួន ឥស្សរជនជាន់ខ្ពស់របស់រដ្ឋកម្ពុជា លោក ជា​ ស៊ីម ប្រធានសភាជាតិ លោក ហោ ណាំហុង​ រដ្ឋមន្ត្រីការបរទេស និង លោក សុខ អាន អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញប្រកាស​ប្ដឹងជាច្រើន។ ក្នុងនោះបានបញ្ជាក់ថា មានភស្តុតាង គ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា មានកំហុស ហើយទាមទារ​អោយ​រៀបចំ ការបោះឆ្នោតថ្មី​នៅក្នុងខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង​ ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តកណ្ដាល និង រាជធានីភ្នំពេញ។
            ការចល័តកងទ័ពឆ្លងកាត់ទីក្រុងភ្នំពេញ បាតុកម្មនៅមុខរាជវាំង និងញ្ញត្តិគ្រប់ប្រភេទកើតឡើងនៅក្នុង​ប្រទេសនេះ ក្នុងស្ថានភាពអន្តរកាល និងពោរពេញដោយភាពភ័យខ្លាច។
            អ៊ុនតាក់បានបដិសេធលទ្ធផលដោយផ្នែក។ គេត្រូវរង់ចាំដល់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ១៩៩៣ ដើម្បី​ អោយគណបក្សប្រជាជនកម្ពុជាសម្រេចចិត្តទទួលស្គាល់ជាផ្លូវការនូវលទ្ធផលបោះឆ្នោតថ្ងៃទី ២៣-២៨​ខែ​ឧសភា ឆ្នាំ១៩៩៣។
            នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៩៣ សភាធម្មនុញ្ញបានបោះឆ្នោតជ្រើសរើស លោក​សឺន សាន ជាប្រធាន​ហើយលោក ជា ស៊ីម និងលោក អ៊ឹង គាត ជាអនុប្រធាន។
            IV.ការវិលត្រឡប់មកវិញរបស់​របបរាជានិយម
សភាធម្មនុញ្ញបានបញ្ចប់ការសរសេរសេចក្ដីព្រៀង សម្រាប់បង្កើតរដ្ឋធម្មនុញ្ញកម្ពុជា នាពេលអនាគត តាមកាលបរិច្ឆេទកំណត់របស់កិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ១៩៩៣ នៅបីខែក្រោយមក​ពីសភានេះចាប់បដិសន្ធិឡើង។ ការពិភាក្សាជាសាធារណៈថ្នាក់ខេត្ត បន្ទាប់មកថ្នាក់សភានេះ បានផ្ដល់នូវបរិយា​កាសជាក់លាក់ និងការរៀនសូត្រអំពីលទ្ធិប្រជាធិបតេយ្យ ដោយបង្កប់នូវល្បិចអាក្រក់មួយចំនួន ដែលកំពុងស្ថិត​នៅក្នុងទម្រង់មួយនៃមជ្ឈដ្ឋាននយោបាយកម្ពុជា។
            នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញមួយត្រូវបានអនុម័តឡើងដោយសភាធម្មនុញ្ញ​ដែលបាន​ ជ្រើសរើសយករាជាធិបតេយ្យ ហើយលើកព្រះអង្គម្ចាស់ នរោត្តម សីហនុ អោយឡើងសោយរាជ្យជាព្រះមហា​ក្សត្រនៃប្រទេសកម្ពុជា។ ក្រោយពីអវត្តមាន រាជានិយមអស់រយះពេល២០ ឆ្នាំ និងឆ្លងកាត់របបសាធារណរដ្ឋ ៣​ដូចជារបបសាធារណរដ្ឋខ្មែរ កម្ពុជាប្រជាធិបតេយ្យរប​ស់ខ្មែរក្រហម និងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជារួច​មក ប្រទេសកម្ពុជាប្រែក្លាយទៅជា រាជាធិបតេយ្យ។
            ដូច្នេះ រដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជានោះ ត្រូវបានប្រកាសអោយប្រើនៅខាងមុខមហាជន ដោយព្រះអង្គ​ម្ចាស់ នរោត្តម សីហនុ នៅមុខព្រះបរមរាជវាំង យោងតាមមាត្រាទី១៣៦ ទី១៣៨ របស់បទបញ្ញត្តិអន្តរកាលនៃ​រដ្ឋធម្មនុញ្ញថ្មី។
            ទង្វើរនេះ បន្ទាបតម្លៃរបស់អ៊ុនតាក់លើកទីពីរ ហើយអ៊ុនតាក់បានបញ្ចប់អាណត្តិរបស់ខ្លួនមុនពេល​កំនត់។ ក្រោយមកទៀត អ៊ុនតាក់មិនបានសម្របសម្រួលនឹងសភាពការណ៍អោយបានប្រកបដោយប្រសិទ្ធភាព​ឡើយ ដោយមិនរង់ចាំដល់ទីបញ្ចប់បេសកកម្មរបស់ខ្លួនដែលបញ្ចប់ក្នុងរយះពេល៣ខែខាងមុខ។ នយោបាយ​កម្ពុជា បានក្លាយជាកិច្ចការអន្តរជាតិមិនមែនត្រឹមតែជាបញ្ហារបស់កម្ពុជាឡើយ។
            V.នយោបាយរបស់ថៃចំពោះកម្ពុជា
១.ការជួយគាំទ្រ ចលនាត្រីភាគី[22]ប្រឆាំងនឹងរដ្ឋាភិបាលសាធារណរដ្ឋកម្ពុជា​និងវៀតណាម
ក្នុងចន្លោះទសវត្ស ឆ្នាំ១៩៨០ ជាពេលដែលប្រទេសកម្ពុជាស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ប្រទេស​ វៀតណាមយ៉ាងពេញទំហឹងគ្មានព្រំដែន ជាក់ស្ដែងមានកងទ័ពវៀតណាមជាង ១ សែននាក់ស្ថិតនៅលើទឹកដី កម្ពុជា ហើយពាក្យចចាមរាមបានលេចលឺសុសសាយថា ជនអន្តោប្រវេសន៍ រាប់សែននាក់បានមកតាំងទីលំនៅ ក្នុងប្រទេសកម្ពុជា មិនមែនតែ៦ ម៉ឺននាក់ដូចសាធារណរដ្ឋប្រជាមានិតកម្ពុជា ទទួលស្គាល់នោះឡើយ។[23] មិន​ត្រឹមតែប៉ុណ្ណោះទេ នៅក្នុងឆ្នាំ ១៩៨៣-១៩៨៥ យុទ្ធនាការដ៏រហ័សដែលមានជាបន្តបន្ទាប់របស់កងទ័ពវៀត​ណាម និងកងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជា បានបណ្ដេញកងទ័ពរបស់ក្រុមចំរុះ និងមនុស្សនៅក្នុងបន្ទុក​របស់ពួកគេអោយចូលទៅក្នុងប្រទេសថៃវិញ ព្រមទាំងបានកំទេចជំរុំរបស់ពួកគេទៀតផង។ នៅពេលនោះ​សាធារណរដ្ឋប្រជាមានិតកម្ពុជាបានកែនពលករ (ពលករ ក ៥)​ រាប់ម៉ឺននាក់អោយទៅដាក់មីននៅតាម​បណ្ដោយព្រំដែន ដើម្បីបិទច្រក ចេញ ចូលប្រទេសកម្ពុជា និងថៃ។ ពលកររាប់ពាន់នាក់បានស្លាប់ក្នុងខណៈ ដែលពួកគេកំពុងធ្វើពលកម្ម។ នៅចន្លោះពេលនោះ ពួកវៀតណាមបាន ពង្រឹង និងបង្ហាត់កងទ័ពរបស់ សាធារណរដ្ឋប្រជាមានិតកម្ពុជា ចំនួនបីម៉ឺននាក់អោយបានរឹងមាំ​សម្រាប់ការពារប្រទេស នៅពេលពួកគេត្រូវ​បានដកចេញដោយយថាហេតុ។ ការកែនទ័ពបានធ្វើឡើងដោយមិនរើសមុខ តែចំពោះប្រជាពលរដ្ឋខ្មែរដែល​មានឯកសិទ្ធិ ជាពិសេសកូនចៅកម្មាភិបាលនៃបក្សប្រជាជនបដិវត្តកម្ពុជា ច្រើនទទួលបានការលើកលែងចំពោះ​ការកែនទ័ពនេះ ហើយបានទទួលអាហារូបករណ៍ទៅសិក្សានៅបរទេស។[24] ទង្វើរដែលអាក្រក់ និងពោរពេញ​ដោយភាពអយុតិ្តធម៍ របស់ប្រទេសវៀតណាម និងសាធារណរដ្ឋប្រជាមានិតកម្ពុជា ខាងលើនេះ ជាហេតុធ្វើ​អោយភាគីរបស់លោក សឺន សាន មិនមានការសប្បាយចិត្ត​ទាល់តែសោះ។ ប៉ុន្តែទោះបីជាលោក សឺនសានមិន​មានការសប្បាយចិត្តនឹងទង្វើរនេះយ៉ាងណាក៏ដោយ ក៏គាត់​ពុំមានសមត្ថភាពបង្កើតកងកម្លាំង​យោធាដ៏មាន​ប្រសិទ្ធិភាពឡើយ ដូច្នេះបានទទួលការគាំទ្រផ្នែកសម្ភារៈ ដ៏តិច​តួចពីសត្រូវរបស់វៀតណាម គឺចិន ថៃ និង សហរដ្ឋអាមេរិច។  ប្រទេសថៃ និងសិង្ហបុរី ដែលមានគោលនយោ​បាយប្រឆាំងកុម្មុនិស្ដ និងកាន់ជើង​ប្រទេសចិន បានចូលរួមជាមួយប្រទេសចិន និងសហរដ្ឋអាមេរិច។[25] នៅឆ្នាំ​១៩៧៩ និង១៩៨០ រដ្ឋាភិបាល​យោធាថៃបានផ្ដល់ចំនីអាហារ សម្លៀកបំពាក់ និងការថែទាំសុខភាពដល់​ទាហាន កម្ពុជាប្រជាធិបតេយ្យច្រើន​ពាន់ ដែលបានឆ្លងកាត់ព្រំដែន។ ទាហានទាំងនោះក៏បានទទួលអាវុធ គ្រាប់​រំសេវ និងគ្រឿងផ្គត់ផ្គង់យោធា ពីប្រទេសចិន ដែលដឹកជញ្ជូនតាមប្រទេសថៃផងដែរ។ ហើយនៅក្នុងឆ្នាំ១៩៨០ ដដែលមានជនភៀសខ្លួនខ្មែរ ជាង៣សែននាក់ ដែលទៅជ្រកកោននៅតាមជុំរំនាព្រំដែនខ្មែរ-ថៃ ចាប់តាំងពីដើមទសវត្សឆ្នាំ ១៩៨០ បានផ្ដល់​កម្លាំងសម្រាប់ចលនាតស៊ូទាំងនេះ ដែលមាន ពួកដែលមានភក្ដីភាពចំពោះសម្ដេច សីហនុ មួយទៀតចំពោះ អតី​តនាយករដ្ឋមន្ត្រីមួយរូបឈ្មោះសឺនសាន និងមួយភាគីទៀតចំពោះរបបកម្ពុជាប្រជាធិបតេយ្យ(ខ្មែរក្រហម)
           

២.ការចូលរួមវិភាគទានរបស់ប្រទេសថៃ ជំរុញអោយមានថ្ងៃទី២៣ តុលា ១៩៩៣
ក.ការឈប់គាំទ្រចលនា ត្រីភាគី ពីសំណាក់ប្រទេសថៃ
នៅទីក្រុងប៉ារីស សហរដ្ឋអាមេរិច និងសម្ព័ន្ធមិត្តបានបញ្ចប់ការគាំទ្ររបស់ខ្លួនចំពោះចលនាមិនចូល​បក្សសម្ព័ន្ធ (ចលនាត្រីភាគី) ហើយប្រទេសចិនក៏បានដកការគាំទ្ររបស់ខ្លួនចំពោះខ្មែរក្រហមដែរ។ តែទោះជា​យ៉ាងណាក៏ដោយក៏ក្នុងរយះពេលប៉ុន្មានឆ្នាំក្រោយមកទៀត ពួកខ្មែរក្រហមនៅតែទទួលបានជំនួយឧបត្ថម្ភលួច​លាក់ពីភាគីយោធាថៃនៅទីក្រុងបាងកក ដដែល រហូតដល់ឆ្នាំ ១៩៨៩ ទើបរដ្ឋាភិបាលក្រុងបាងកក បាន​បញ្ឈប់ការឧបត្ថម្ភ​ដល់ប៉ុល ពត ដោយគោរពតាមការណែនាំរបស់ប្រទេសចិន។ ការបញ្ឈប់ជំនួយពីប្រទេសថៃ​ដល់ក្រុមចលនាមិនមែនកុម្មុយនិស្ដនេះហើយដែល ជាកាតាលីករជំរុញអោយទទួលបាននូវ​អំណោយទានមួយ​យ៉ាងសំខាន់ក្នុងការធ្វើការបង្រួប ​បង្រួមជាតិ ដែលជាវិថីឆ្ពោះទៅរកសន្តិភាព។
ខ.ការសម្របសម្រួលភាគីជម្លោះរបស់កម្ពុជា ពីសំនាក់ ប្រទេសថៃ
បន្ទាប់ពីមានការជួបជុំ ​ គ្នារវាងភាគីជម្លោះរបស់កម្ពុជាទាំងអស់ដើម្បីបង្រួបបង្រួមគ្នា គឺមានការជួបជុំគ្នា​ចំនួន៥លើក រវាងសម្ដេចព្រះនរោត្ដម សីហនុ ជាមួយលោក ហ៊ុន សែន ហើយក៏មានការចូលរួមពីភាគីរបស់​លោក សឺន សាន ផងដែរ។ ក្នុងចំនោមការជួបជុំទាំងប្រាំលើកនោះ មានបួន លើកត្រូវបានធ្វើឡើងនៅក្នុង​ប្រទេសបារាំង និងមួយលើកទៀត គឺលើកទី៥ ត្រូវបានធ្វើឡើងនៅទីក្រុងបាងកកប្រទេសថៃ គឺនៅគេហដ្ឋាន​ដដែលរបស់លោកនាយករដ្ឋមន្រ្តីថៃ ឆាធីឆៃ ឈុនហាវ៉ាន់ ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៩០។

គ.ការចូលរួមរបស់ប្រទេសថៃ ក្នុងការអនុវត្តន៍នូវផែនការក្នុងសម័យប្រជុំទីមួយ
យើងដឹងហើយថា ដើម្បីឈានទៅដល់ការសម្រេចចុងក្រោយនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ គឺមាន​ការឆ្លងកាត់នូវកិច្ចប្រជុំជាពីរ សម័យប្រជុំធំៗសម័យប្រជុំទីមួយធ្វើឡើងចាប់​ពីថ្ងៃទី៣០  ខែកក្កដា ដល់ថ្ងៃទី៣០​ខែសីហា ឆ្នាំ១៩៨៩ និងសម័យប្រជុំទី២ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ រាល់សម័យប្រជុំ​មួយៗ ដឹកនាំដោយសហប្រធាន គឺប្រទេសបារាំង និងឥណ្ឌូនេស៊ី។ ក្នុងសម័យប្រជុំទាំងពីរធំៗនោះ មានសម័យ​ទីមួយ សម្រេចចេញជាផ្លែផ្កានូវ គណកម្មាធិការចំនួន៥[26] ដែលគណកម្មាធិការមួយៗ មានការដឹកនាំអនុវត្តការ ដោយប្រទេសមួយចំនួន។ ដោយឡែកចំពោះ គណកម្មាធិការទី៣ ស្ដីទទួលបន្ទុកការធ្វើមាតុភូមិនិវត្តន៍នៃជន ​ភៀសខ្លួន និងជនផ្លាស់ប្ដូរ​ទីកន្លែង និងការស្ថាបនាប្រទេសកម្ពុជាឡើងវិញ គឺមានការដឹកនាំដោយសហប្រធាន​គឺឯកឧត្ដមយោគីអូ អ៊ីម៉ាហ្កាវ៉ា(Yokio Imagawa)–Japan និងឯកឧត្ដម រ៉ូបឺត មែរីលី (Robert Merrillees) –Austrulia ដោយមានលោកវរសេនីយ៍ឯក រ៉ូណាក់ឆុក ស្វាស្ឌីគាត (Ronackuck Swasdikiat) –Thailand ជាអ្នករាយការណ៍។ ដូច្នេះយើងឃើញថា ចំពោះគណកម្មាធិការទាំងនោះ ក៏មានការចូលរួមពីសំនាក់ប្រទេសថៃ​ធ្វើជាអ្នករាយការណ៍ ផងដែរ។

ឃ.ការចូលរួមរបស់ថៃ ដើម្បីសម្រេចនូវកិច្ចព្រមព្រៀងចុងក្រោយ
            ឃើញថាទោះបីជាមានឧសគ្គរារាំងជាច្រើន ដោយសារភាគីជម្លោះផ្ទៃក្នុងរបស់កម្ពុជាក៏ដោយ ដោយ​សារតែការការខិតខំរបស់ អង្គការសហប្រជាជាតិ និងបណ្ដាប្រទេសក្នុងតំបន់ដូចជាប្រទេសថៃជាដើម។ នៅទី​បំផុតបញ្ហាដែលនៅសេសសល់ ទាំងប៉ុន្មាន ត្រូវបានយកមកចរចារ មួយចំនុចម្ដងៗ នៅ​ហ្សាការតាប្រទេស​ឥណ្ឌូនេស៊ី នៅប៉ាតាយ៉ាប្រទេសថៃ នៅប៉េកាំងប្រទេសចិន និងនៅញ៉ូយ៉ក សហរដ្ឋអាមេរិច រហូតដល់ខែកញ្ញា ឆ្នាំ១៩៩១ ដើម្បីឈានទៅសម្រេចជាចុងក្រោយការកោះប្រជុំសន្និសិទថ្មីទៀត ស្ដីពីកម្ពុជា​ដែលត្រូវអនុម័ត​យល់ព្រមផ្ដល់សច្ចាប័ន និងធ្វើអោយកម្រងកិច្ចព្រមព្រៀងមានតម្លៃជាផ្លូវការរវាងភាគីជម្លោះ​ទាំងអស់។

            VI.សន្និដ្ឋាន
            បន្ទាប់ពីប្រទេស កម្ពុជាបានឆ្លងកាត់នូវដំណាក់កាលជាច្រើនយ៉ាងជូរចត់នៅក្នុងប្រវតិ្តសាស្រ្តមក គឺ​កម្ពុជាបានទទួលជោគជ័យដ៏ធំ ក្រោយពីមានការជួយពីសំនាក់អង្គការសហប្រជាជាតិ ក៏ដូចជាមានការជួយ​ផ្ដួចផ្តើមពីប្រទេសក្នុងតំបន់ ក្នុងនោះក៏មានប្រទេសថៃផងដែរ ​ដើម្បី រៀបចំអោយមានការជួបជុំ ការប្រជុំ និង​សន្និសិទជាច្រើនលើក ដើម្បីនាំភាគី​ជម្លោះទាំងអស់ជួបគ្នាអោយ​បានញឹកញាប់ និយាយជាមួយគ្នា និងផ្លាស់​ប្តូរទស្សនៈរបស់ខ្លួន ក្នុងទិសដៅមួយគឺធ្វើការបង្រួបបង្រួមជាតិ អោយមានការ ឯកភាពគ្នា។ នៅទីបំផុតកម្ពុជា ក៏ទទួលបានមាគ៌ាមួយយ៉ាងច្បាស់លាស់ បន្ទាប់ពីសម្រេចបាន​នូវកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ មកជាការបើកផ្លូវអោយកម្ពុជា ឆ្ពោះទៅរកជើងមេឃ​ថ្មីមួយ ដែលប្រជាជនទាំងអស់ទន្ទឹងរង់ចាំ​ជានិច្ច។ តាមរយះកិច្ច​ព្រមព្រៀងនេះជាការបើកទ្វារថ្មីមួយអនុញ្ញាត​ អោយកម្ពុជាមានលទ្ធភាព ធ្វើសមាហរណ-​កម្មក្នុងតំបន់ និងសកលលោកផងដែរ។  ដូច្នេះយើងទាំងអស់គ្នា ​ត្រូវ​ខិតខំរក្សានូវ ទិដ្ឋភាពនយោបាយ និងសេដ្ឋ​កិច្ចរបស់ប្រទេសកម្ពុជា អោយរួចផុតពីភាពងងឹត ហើយនឹងខិតខំ​កសាងមាគ៌ាដើម្បីឆ្ពោះទៅរកការធ្វើ​សមាហរណកម្មនៅក្នុងសកលលោក ក្នុងទិសដៅមួយគឺដើម្បីលើកស្ទួយជីវ​ភាព ប្រជាជន ក៏ដូចជាជីវភាព​របស់ជាតិ តាមរយះការអភិវឌ្ឍន៍​ សេដ្ឋកិច្ចជាតិអោយមាន​ ភាពល្អប្រសើរឡើង។ លើសពីនេះទៅទៀត ត្រូវធ្វើ​យ៉ាងណាជៀសវាងអោយរួចផុតពី អស្ថេរភាពនយោបាយផ្ទៃក្នុង ពោលគឺបង្ការកុំ​អោយមានការកើតឡើងនូវ​សង្គ្រាមស៊ីវិលដែលអូសបន្លាយ ដូចដែលបានកើតមាននៅក្នុងប្រវត្តិសាស្រ្តដ៏កំសត់​របស់យើង។































ឯកសា​​​​​​​​​​​​យោង
១.សៀវភៅប្រវត្តិសាស្រ្តខ្មែរ របស់ លោក ដេវិឌ ឆាណ្ឌល័រ (David Chandler) ចេញផ្សាយលើកទី២
២. ឯកសាររបស់លោក សាស្រ្តាចារ្យបណ្ឌិត រស់ ចន្ត្រាបុត្រ (ដក់ស្រង់ចេញពី វេទិកាបណ្ឌិតសភាចំហ ដែល​បោះពុម្ភផ្សាយដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា)
៣. សៀវភៅ ស្ដីពី កិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃ ជម្លោះកម្ពុជា
៤. http://km.wikipedia.org/wiki /ប្រវត្តិសាស្ត្រខ្មែរ


[1] កិច្ចចរចារវាងចិន និងរុស្ស៊ី កាន់តែមានលក្ខណៈវិជ្ជមានឡើងៗ បន្ទាប់ពីសុន្ទរកថារបស់ Gorbatchev នៅថ្ងៃទី២៨ កក្កដា ១៩៨៦ ស្ដីពីនយោបាយរបស់ខ្លួននៅអាស៊ី។ នេះគឺជាការជួបគ្នារវាងអនុរដ្ឋមន្ត្រី ការបរទេសចិន តេង​ ស៊ាវភីង និង​អនុរដ្ឋមន្រ្តីការបរទេស រុស្ស៊ី Igor Rogachev ដែលបានធ្វើចំណាប់អារម្មណ៍ពីការផ្លាស់ប្ដូរនៅក្នុងភាពប្រក្រតីនេះ។ កិច្ច​ប្រជុំកំពូលរវាងសូវៀត និងលោក តេង ស៊ាវភីង បានកំណត់ឡើងនៅថ្ងៃទី ១៥-២០ មករា ១៩៨៩ នៅទីក្រុងប៉េកាំង។
[2] គាត់ត្រូវគេធ្វើរដ្ឋប្រហារផ្ដួលរំលំដោយយោធានៅថ្ងៃទី ២៣ កុម្ភៈ ១៩៩១
[3] JIM លើកទី២ គឺនៅថ្ងៃទី ១៩-២១ កុម្ភៈ ១៩៨៩, JIM លើកទី៣ នៅថ្ងៃទី៦-២៨ កុម្ភៈ ១៩៩០ និង JIM លើកទី៤ នៅ​ថ្ងៃទី ៩-១០ កញ្ញា ឆ្នាំ១៩៩០។
[4] អ្នកចូលរួម៖ ប្រទេសទាំង ៦ របស់អាស៊ាន សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ប្រទេសអូស្ត្រាលី ប្រទេសកម្ពុជា (ទាំងបួនភាគី) ប្រទេសកាណាដា ឥណ្ឌា ជប៉ុន ឡាវ វៀតណាម ហ្ស៊ីមបាវេ និង​អគ្គលេខា​ធិការអង្គការសហប្រជាជាតិ។
[5] ប្រទេសអូស្រ្តាលី ប៊្រុយណេ ប្រទេសកម្ពុជា (ការជ្រើសតាំងរួមគ្នានៃគណៈប្រតិភូចតុភាគី)  កាណាដា ចិន អាមេរិច បារាំង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ចក្រភពអង់គ្លេស សិង្ហបុរី ថៃ សហភាពសូវៀត វៀតណាម
[6] ស្នើឡើងដោយគណៈរដ្ឋមន្ត្រី កាណាដា និងឥណ្ឌា
[7] ស្នើឡើងដោយគណៈរដ្ឋមន្ត្រី ឡាវ និងម៉ាឡេស៊ី
[8] ស្នើឡើងដោយគណៈរដ្ឋមន្ត្រី អូស្រ្តាលី និងជប៉ុន
[9] ស្នើរឡើងដោយការតម្រង់ទិសរបស់ សម្ដេច នរោត្តម សីហនុ
[10] អូស្រ្តាលី ប្រ៊ុយណេ កម្ពុជា កាណាដា សាធារណរដ្ឋប្រជាមានិតចិន សហរដ្ឋអាមេរិច បារាំង ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ចក្រភពអង់គ្លេស សិង្ហបុរី​ ថៃឡង់ដ៍ អតីតសហភាពសូវៀត សាធារណរដ្ឋសង្គមនិយមវៀតណាម និងយូហ្គោស្លាវី។
[11] កថាខណ្ឌទី១ ផ្នែក ក នៃឧបសម្ព័ន្ធទី១ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីកម្ពុជា
[12] បារាំង ហូឡង់ដ៍ ប៊ុលហ្គារី ឥណ្ឌូនេស៊ី​ ម៉ាឡេស៊ី បង់ក្លាដេស ឥណ្ឌា ប៉ាគឺស្ថាន ទុយនេស៊ី ហ្គាណា និង អ៊ុរុហ្គាយ។
[13] តួលេខបញ្ឈប់ថ្ងៃទី ៣១ ខែមករា ឆ្នាំ១៩៩៣
[14] បន្ថែមទៅលើប្រទេសហត្ថលេខី ១៨ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសមានៈ អាល្លឺម៉ង អូទ្រីស បែលហ្ស៊ីក កូរ៉េខាងត្បូង ដាណឺម៉ាក អេស្ប៉ាញ ហ្បាំងឡង់ ណ័រវេស អៀឡង់ អ៊ីតាលី នូវែលហ្សេឡង់ ប៉េអ៊ីបា ព័រទុយហ្គាល ស៊ុយអែត ស្វីស និងសហគមន៍អឺរ៉ុប។
[15] កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) -សហប្រធានសន្និសិទ -ធនាគារអភិវឌ្ឍអាស៊ី(ADB) -ធនាគារពិភពលោក (WB) -ហ្វាវ (FAO) -មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) -អង្គការពលកម្មអន្តរជាតិ (ILO) -អង្គការសុខភាពពិភពលោក (WHO) -កម្មវិធីស្បៀងអាហារពិភពលោក (WFP) -អង្គការយូនីស្កូ (UNESCO) -អង្គការស្នងការជាន់ខ្ពស់សហប្រជា​ជាតិសម្រាប់ជនភៀសខ្លួន (UNHCR) និងអង្គការយូនីសេហ្វ(UNICEF)
[16] ទឹកប្រាក់ចំនួន ៦២៥ លានដុល្លារ បានមកពីប្រទេសចំនួន ៣៤ ប្រទេសហើយចំនួន ២៥៣ លានដុល្លាទៀត បានមកពីអង្គការអន្តរជាតិនានា។
[17] នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ១៩៩២
[18] កាលបរិច្ឆេទកំណត់ការបញ្ឈប់ការចុះឈ្មោះគណបក្សនយោបាយ គឺរហូតដល់ថ្ងៃទី ២៨ ខែកមរា ឆ្នាំ១៩៩៣។
[19]-គណបក្សប្រជាជនកម្ពុជា  ២-គណបក្សសាធារណរដ្ឋរួបរួមជាតិ ៣-គណបក្សសាធារណរដ្ឋសេរីអភិវឌ្ឍ ៤-គណបក្ស​ខ្មែរអព្យាក្រឹត ៥-គណបក្សបង្រួបបង្រួមជាតិ ដើម្បីសាមគ្គីជាតិ ៦-គណបក្សកម្ពុជាប្រជាធិបតេយ្យ និងអព្យាក្រឹត ៧-គណបក្សប្រជាធិបតេយ្យ ៨-គណបក្សសេរីឯករាជ្យ និងប្រជាធិបតេយ្យកម្ពុជា ៩-គណបក្សប្រជាធិបតេយ្យសេរីនិយម ព្រះពុទ្ធសាសនា ១០-គណបក្សសេរីនិយមបង្រួបបង្រួមជាតិ ១១-គណបក្សកម្ពុជារស់ឡើងវិញ ១២-គណបក្សសកម្មភាព ដើម្បីលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍ ១៣-គណបក្សអ្នកជាតិនិយម ១៤-គណបក្សសាធារណរដ្ឋសេរី ១៥-គណបក្ស​កសិករប្រជាធិបតេយ្យសេរីខ្មែរ ១៦-គណបក្សម៉ូលីណាកា និងអ្នកតស៊ូខ្មែរដើម្បីសេរីភាព ១៧-គណបក្សប្រជាធិបតេយ្យ​សេរី  ១៨-គណបក្សដើម្បីសាធារណរដ្ឋប្រជាធិបតេយ្យខ្មែរ ១៩-គណបក្សសមាជជាតិខ្មែរ។
[20] រណសិរ្យជាតិរំដោះប្រជាជនកម្ពុជារបស់ លោក សឺន សាន បានប្តូរទៅជាគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធ​សាសនា
[21] មាន ហ៊ុន សែន ជា​ ស៊ីម និង ហេង សំរិន។
[22]ចលនារបស់លោកតា សឺន សាន,ចលនារបស់ក្រុមអ្នកគាំទ្រសម្ដេចព្រះនរោត្ដម សីហនុ និងក្រុមចលនារបស់ ខ្មែរក្រហម
[23] ដកស្រង់ពីសៀវភៅប្រវត្តិសាស្រ្តខ្មែរ របស់ លោក ដេវិឌ ឆាណ្ឌល័រ ទំព័រ ២៥៤
[24] ដកស្រង់ពីសៀវភៅប្រវត្តិសាស្រ្តខ្មែរ របស់ លោក ដេវិឌ ឆាណ្ឌល័រ ទំព័រ ២៥៥
[25] ដកស្រង់ពីសៀវភៅប្រវត្តិសាស្រ្តខ្មែរ របស់ លោក ដេវិឌ ឆាណ្ឌល័រ ទំព័រ ២៥២។
[26] ១.គណកម្មាធិការទទួលបន្ទុកកិច្ចការយោធា  ២.គណកម្មាធិការទទួលបន្ទុកកិច្ចការធានាជាអន្តរជាតិ ៣.គណកម្មា-​ធិការទទួលបន្ទុកការធ្វើមាតុភូមិនិវត្តន៍នៃជនភៀសខ្លួន និងជនផ្លាស់ប្ដូរ​ទីកន្លែង និងការស្ថាបនាប្រទេសកម្ពុជាឡើងវិញ  ៤.គណកម្មាធិការចំពោះកិច្ចការទទួលបន្ទុក ការផ្សះផ្សារជាតិ  ៥.គណកម្មាធិការសម្របសម្រួល ទទួលបន្ទុកសម្រប​សម្រួលនូវគណកម្មាធិការទាំងបួននេះ
 



មាតិកា





អារម្ភកថា
ការសិក្សាពីទំនាក់ទំនងអន្តរជាតិ-ការទូត មានសារៈប្រយោជន៍យ៉ាងច្រើន សម្រាប់ប្រទេសជាតិ នានាលើសាកលលោក

3 comments: